ប្រធានាធិបតី​ស៊ីរី អាល់-អាសាដ ឈ្នះ​ឆ្នោត​អាណត្តិ​ទី៤ ដោយ​សំឡេង​គាំទ្រ​ ៩៥ ភាគរយ​

0
335

ប្រធានាធិបតី​ស៊ីរី​លោក​ បាសា អាល់-អាសាដ បាន​ឈ្នះ​អាណត្តិ​ទី៤ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៩៥,១% នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​ ដែល​ក្រុម​ប្រឆាំង និង​ប្រទេស​លោក​ខាង​លិច​ បាននិយាយ​ថា ជា​ការ​ក្លែង​បន្លំ​។ រដ្ឋាភិបាល​របស់​លោក​ អាសាដ​ និយាយ​ថា ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ បង្ហាញ​ថា ​ប្រទេស​ស៊ីរី​ កំពុង​ដំណើរ​ការ​ជា​ធម្មតា​ ​ទោះ​បី​ជា​មាន​សង្គ្រាម​ស៊ីវិល​អាយុ​កាល ​១ ទសវត្សរ៍​ក្តី​ ដែល​បាន​សម្លាប់​មនុស្ស​រាប់​សែន​នាក់ និង​បាន​ជម្លៀស​មនុស្ស​ចំនួន ១១ លាន​នាក់​ ដែល​ប្រហែល​ជាង​ពាក់​កណ្ដាល​ចំនួន​ប្រជាជន​សរុប​។ ប្រធាន​សភា​ស៊ីរី​លោក Hammouda Sabbagh បាន​ប្រកាស​លទ្ធផល​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧ ខែឧសភា ដោយ​និយាយ​ថា​ ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ប្រមាណ ៧៨ ភាគរយ ដែល​ស្មើ​នឹង​ប្រជាជន​ស៊ីរី​ជាង ១៤ លាន​នាក់​។ គូប្រជែង​ការ​បោះឆ្នោត​លោក​ អាសាដ ​គឺ​អតីត​អនុរដ្ឋមន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​លោក Abdallah Saloum Abdallah និង​លោក Mahmoud Ahmed Marei ប្រធាន​គណបក្ស​ប្រឆាំង​តូច​មួយ ដែល​ត្រូវ​បាន​អនុម័ត​ឱ្យ​ឈរ​ឈ្មោះ​ជា​ផ្លូវ​ការ​។ លោក​ Marei ទទួល​បាន​សំឡេង​គាំទ្រ ៣,៣ ភាគរយ ខណៈ​ដែល​លោក Saloum ទទួល​បាន ១,៥%​។ រដ្ឋមន្ត្រី​ការបរទេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និង​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ការ​រិះគន់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ ការ​បោះឆ្នោត​នេះ ​គឺ​មិន​សេរី ​ឬ ​យុត្តិធម៌​ទេ​។ តួកគី ដែល​ជា​សត្រូវ​របស់​លោក​ អាសាដ ក៏​បាន​និយាយ​ផង​ដែរ​ថា ​ការ​បោះឆ្នោត​នេះ​ គឺ​ខុសច្បាប់​៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here