ប្រទេសជាសមាជិកអង្គការសុខភាពពិភពលោកទាំងអស់ បានសម្រេចព្រមព្រៀងគ្នា កាលពីថ្ងៃចន្ទ ទី៣១ខែឧសភា ដែលត្រូវជាថ្ងៃបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំលើកទី៧៤ ធ្វើកំណែទម្រង់ ដើម្បីពង្រឹងស្ថាប័នអង្គការសុខភាពពិភពលោក ឱ្យបានរឹងមាំឡើង។ ប៉ុន្តែគេនៅមិនទាន់ដឹងថា ជាកំណែទម្រង់បែបណា និងយ៉ាងដូចម្តេចនៅឡើយ។ ក្រុមការងារទទួលបន្ទុកកិច្ចការនេះនឹងកំណត់នៅតាមក្រោយ។ ជាងមួយឆ្នាំ ក្រោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងអំឡុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកល ដែលបានផ្តាច់ជីវិតមនុស្សអស់ជាង ៣,៥ លាននាក់ រដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក បានអនុម័តសេចក្តីសម្រេចចិត្ត ធ្វើកំណែទម្រង់ពង្រឹងស្ថាប័ន នៅក្នុងអង្គមហាសន្និបាតលើកទី៧៤។ មហាសន្និបាតដែលបានឆ្លុះបញ្ចាំងឱ្យរដ្ឋជាសមាជិក បានមើលឃើញចំណុចខ្វះខាតជាច្រើនរបស់ស្ថាប័ន តាមរយៈរបាយការណ៍ឯករាជ្យផ្សេងៗ ដែលខ្លះបានអះអាងថា វិបត្តិកូវីដគួរតែអាចបញ្ចៀសបាន និងខ្លះបានបន្ទោសអំពីភាពយឺតយ៉ាវរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រកាសអាសន្នកូវីដ១៩។ “ជាសេចក្តីសម្រេចចិត្តដ៏សំខាន់បំផុតមួយ ក្នុងប្រវត្តិរបស់អង្គការ”។ នេះបើតាមប្រសាសន៍អបអររបស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ សេចក្តីសម្រេចចិត្តមានឈ្មោះថា “ពង្រឹងការត្រៀមលក្ខណៈតបតនឹងភាពបន្ទាន់សុខាភិបាល” ជាគម្រោងដែលស្នើឡើង ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងដែលបានគូសបញ្ជាក់អំពីទំនួលខុសត្រូវដ៏ចាំបាច់របស់រដ្ឋាភិបាលនីមួយៗផង អំពីតួនាទីគន្លឹះរបស់អង្គការសុខភាពពិភពលោកផង នៅចំពោះមុខវិបត្តិសុខភាព ដែលអាចមានទំហំធំធេងលើសមត្ថភាពរបស់ស្ថាប័ននាពេលបច្ចុប្បន្ន។ ជាមួយនឹងការជំរុញឱ្យមានការផ្តល់ព័ត៌មានឱ្យទាន់ពេលវេលា ទៅតាមស្ថានភាពសុខភាពសាធារណៈ ឬទៅតាមការវិវឌ្ឍនៃជំងឺរាតត្បាត សេចក្តីសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោកបានស្នើសុំ ជាចុងក្រោយ ឱ្យរដ្ឋជាសមាជិកនីមួយៗ ធានាផ្តល់ហិរញ្ញវត្ថុសមស្រប អាចឡើងចុះទៅតាមស្ថានការណ៍ មានជានិរន្ត និងអាចឱ្យកម្មវិធីរបស់អង្គការសុខភាពពិភពលោកអាចព្យាករបាន។ ការបង់វិភាគទានដែលជាកាតព្វកិច្ចរបស់រដ្ឋសមាជិក តំណាងឱ្យ ១៦% នៃថវិការបស់អង្គការ។ រដ្ឋជាសមាជិកទាំង១៩៤ ប្រទេស បានសន្យាបើកជំនួបកំពូលវិសាមញ្ញ នៅខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបរាងសន្ធិសញ្ញា ឬ អនុសញ្ញាស្តីពីការត្រៀម និងឆ្លើយតបទៅនឹងវិបត្តិរាតត្បាត៕ AFP