វៀតណាម​បិទលែង​ឲ្យ​​ជើង​ហោះហើរ​អន្តរជាតិ​ចុះចត ដើម្បី​ទប់ស្កាត់​កូវីដ១៩

0
264

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានសម្រេចថា ចាប់ពីថ្ងៃទី១ ខែមិថុនានេះទៅ នឹងផ្អាកលែងឲ្យ​ជើងហោះហើរអន្តរជាតិ ចុះចតនៅព្រលានយន្តហោះក្រុងហាណូយ រយៈពេល មួយសប្តាហ៍​។ ចំណែកនៅទីក្រុងហូជីមីញវិញ វិធានការនេះនឹងបន្តអនុវត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា។​ អាជ្ញាធរវៀតណាមកំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ទំរង់បំប្លែងខ្លួន កូនកាត់ឥណ្ឌា និងអង់គ្លេស ដែលអ្នកជំនាញ​ជឿថា មានកម្លាំងឆ្លងរាលដាល យ៉ាងលឿនរហ័ស។ ចាប់ពីថ្ងៃទី​១ ដល់ថ្ងៃទី៧ ខែមិថុនា ការចុះចតរបស់យន្តហោះ ជើងហោះហើរអន្តរជាតិ នៅព្រលាន​យន្តហោះ​​ Noi Bai ទីក្រុងហាណូយ នឹងត្រូវហាមឃាត់។ ក៏ប៉ុន្តែជើងហោះហើរអន្តរជាតិ ដែលចាកចេញពីហាណូយ មិនជាប់ក្នុងបំរាមនេះទេ។ ដោយឡែក នៅព្រលានយន្តហោះ​អន្តរជាតិ ក្រុង​ហូជីមិញ វិធានការផ្អាកការចុះចត ដែលត្រូវចប់នៅថ្ងៃទី​៤ ខែមិថុនា ត្រូវបានអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម សម្រេចបន្តអនុវត្ត រហូតដល់ថ្ងៃទី១៤ ខែមិថុនា។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាមកំពុងតែប្រឈមនឹងរលកឆ្លងរាលដាលកូវីដ១៩ យ៉ាងលឿនរហ័ស ទោះបីជាមានវិធានការ​រិតបន្តឹង ដាក់កំហិតឲ្យ​អ្នកដំណើរដែលមកដល់វៀតណាមតាមយន្តហោះ ត្រូវធ្វើចត្តាឡីស័កក្តី។ ទីក្រុងហូជីមិញ និង​ទីក្រុងហាណូយ រួមទាំងតំបន់ឧស្សាហកម្មនៅជាយក្រុង ត្រូវបានគេរកឃើញករណីវិជ្ជមានច្រើនបំផុត នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃចន្ទ អភិបាលរងក្រុងហូជីមិញ បានអះអាងថា អាជ្ញាធរនឹងផ្តោតការយកចិត្តទុកដាក់ ធ្វើតេស្តប្រមូលសំណាក នៅតាមតំបន់ដែល​ប្រឈមខ្លាំងបំផុត។ មនុស្សប្រមាណ ​៦៧ម៉ឺននាក់ នៅតាមតំបន់ទាំងនេះ ត្រូវដាក់ឲ្យ​ធ្វើចត្តាឡីស័ក។ មនុស្ស​ប្រមាណ ​១លាននាក់ នៅក្រុងហូជីមិញ នឹងត្រូវគេធ្វើតេស្តយកសំណាក។ គិតត្រឹមព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកវិជ្ជមានកូវីដ​១៩ នៅវៀតណាម មានសរុប ៧ ៤៣២នាក់ ហើយ​ក្នុងនោះ មានស្លាប់ ​៤៧នាក់៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here