ទំនៀមទម្លាប់ប្លែកពីជនជាតិនានារបស់ប្រជាជនជប៉ុនក្នុងការរៀបចំលំនៅដ្ឋាន

0
307

ជប៉ុនរៀបចំផ្ទះខុសពីជនជាតិនានា ។ នៅពេលដែលប្រជាជននានារៀបចំតុបតែងផ្ទះ ( ពិសេសបន្ទប់ទទួលភ្ញៀវ ) ដោយដាក់តាំងរបស់របរនានាជាគ្រឿងលម្អ [ រូប ១ ] ជនជាតិជប៉ុនតុបតែងផ្ទះដោយភាពទទេមួយ ដែលគេហៅថា ម៉ា​ [ រូប ២ ] ។ គេចាត់ថា ភាពទទេ ឬ ចន្លោះប្រហោង ជាសោភ័ណភាព ប្រៀបដូចជាក្នុងចង្វាក់ភ្លេងដែលត្រូវមានកាដង់ខ្ពស់ទាប ហើយនឹង ចន្លោះស្ងាត់មួយយ៉ាងនោះដែរ ។ នេះជាទស្សនៈមួយដែលពន្យល់បានតាមស្ថានភាពប្រទេសជប៉ុនដែលតែងតែរងគ្រោះថ្នាក់ដោយ ការរញ្ជូយផែនដី និង រលកយក្សស៊ូណាមីផងដែរ ។ គេដាក់តាំងអ្វីដែលសាមញ្ញ ទុកដាក់របស់អ្វីមានតម្លៃនៅក្នុងស្ថានភាពមួយដែលអាចយកទៅជាមួយបានភ្លាមនៅពេលមានអាសន្ន ។

ហេតុដូចនេះហើយ បានជាលោក Pierre Loti ដែលជាស្មេរមួយដ៏ល្បីល្បាញរបស់បារាំង ( លោកក៏អោយគេស្គាល់អង្គរវត្តតាមសំណេររបស់លោកនៅចុងសតវត្សរ៍ទី ១៩ ផងដែរ ) នៅក្នុងសៀវភៅរបស់លោកឈ្មោះ Madame Chrysanthème ( បោះពុម្ពឆ្នាំ ១៨៨៧ ) បានសរសេរថា អ្វីដែលបង្ហាញភាពថ្លៃថ្នូរបំផុតនៅក្នុងផ្ទះជប៉ុន គឺ «ភាពទទេទាំងស្រុង» [ une nudité complète] ។ លោកបានសរសេរថា អ្វីដែលគួរអោយចង់សើចគឺនៅគេហស្ថានលោកស្រីៗល្អឆើតនាទីក្រុងប៉ារីស គេមានរៀបចំសាឡុងដែលគេហៅថា «សាឡុងជប៉ុន» ដែលមានដាក់តាំងរបស់របរសព្វគ្រប់ ។ លោកសរសេរថា អ្នកទាំងនោះគួរមកមើលផ្ទះអ្នកថ្លៃថ្នូរក្នុងប្រទេសជប៉ុន ដើម្បីអាចយល់បានពីន័យនៃពាក្យ«ប្រណីតភាពក្នុងផ្ទះ» [ Le luxe intérieur]៕

LEAVE A REPLY

Please enter your comment!
Please enter your name here