ភ្នំពេញៈលោកគ្រូ ស៊ុំ សារឿន ដែលក្នុងរង្វង់វិស័យសិល្បៈបានស្គាល់គាត់ច្បាស់ថា ជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង អ្នកចម្រៀង អ្នកដឹកនាំសម្តែងជើងចាស់មួយរូបបានទទួលមរណភាពក្នុងវ័យ៦៩ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ១១:២០ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១នេះ ។
ព័ត៌មាននៃមរណភាពនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមនារសៀលថ្ងៃទី៣១ខែឧសភានេះ។ ជាមួយគ្នា គេសង្កេតឃើញសិល្បករ សិល្បការិនី ជាច្រើននាក់បានបង្ហោះសាររំលែកទុក្ខ និង លើកឡើងពីគុណសម្បត្តិរបស់លោកគ្រូក្នុងពេលដែលលោកគ្រូនៅមានជីវិតនៅឡើយ។
ក្នុងគណនីហ្វេសប៊ុករបស់លោកគ្រី ថៃពៅ (Kry ThaiPov) ដែលជាបេក្ខជនប្រឡងក្នុងកម្មវិធី ខេមបូឌាអាយដល (Cambodian idol )នៅរសៀលនេះបានសរសេរថា”ខ្ញុំពិតជាមានការតក់ស្លុត រន្ធត់ចិត្ត និងសោកស្តាយខ្លាំងណាស់ មិនចង់ជឿទេនៅពេលដឹងដំណឹងដ៏សោកសង្រេង ចំពោះការបាត់បង់ លោក គ្រូ ស៊ុំ សារឿនដែលជាធនធានសិល្បៈ ដ៏មានទេពកោសល្យទាំងការច្រៀងនិងនិពន្ធជាពិសេសលោកគ្រូបានបង្ហាត់ខ្ញុំក្នុងកម្មវិធីCambodian idol យ៉ាងយកចិត្តទុកដាក់”។
លោកគ្រូបានទទួលមរណភាពឃ្លាតចាកចោលយើងទាំងអស់គ្នាហើយនៅវេលាម៉ោង ១១:២០នាទីថ្ងៃត្រង់ ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។
ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ចំណែកលោក អ៊ុក ណារីម ដែលជាអ្នកចម្រៀងល្បីឈ្មោះដែរបានរៀបរាប់ថា ខ្ញុំពិតជាមានការតក់ស្លុត រន្ធត់ចិត្ត និងសោកស្តាយខ្លាំងណាស់ មិនចង់ជឿទេនៅពេលដឹងដំណឹងដ៏សោកសង្រេង ចំពោះការបាត់បង់លោក គ្រូ ស៊ុំ សារឿន ដែលជាធនធានសិល្បៈដ៏មានទេពកោសល្យទាំងការច្រៀងនិងនិពន្ធ។ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារលោកគ្រូ និងសូមបួងសួងដល់ដួងវិញ្ញណក្ខន្ធលោកគ្រូ បានទៅកាន់ទីឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព : រស្មីកម្ពុជា