ចំណូលពន្ធគយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ប្រមូលបានដោយគិតលើប្រភេទពន្ធនិងអាករ មានជាអាទិ៍ អាករលើតម្លៃបន្ថែម ៣៧.៤% អាករពិសេស ៣៨.៥% ពន្ធគយ ១៧.៨% អាករបន្ថែមលើផលិតផលប្រេង ៤.៣% និងអាករនាំចេញនិងកម្រៃផ្សេងៗ ២%។ បើតាមតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិ កម្ពុជាសម្រេចបាននៅត្រីមាសទី១ឆ្នាំ២០២១ ដោយមានការនាំចេញផលិតផលកាត់ដេរបានចំនួន ២៥២៧លានដុល្លារអាមេរិក ធ្លាក់ចុះ៥.៤%។ នេះបើធៀបទៅនឹងទំហំពាណិជ្ជកម្មអន្តរជាតិ កម្ពុជាសម្រេចបាននៅត្រីមាសទី១ឆ្នាំ២០២០។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារការាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលបណ្តាលឲ្យសង្វាក់ផលិតកម្មមួយចំនួនត្រូវរាំងស្ទះ។
ក៏ប៉ុន្តែសម្រាប់ការនាំចេញផលិតផលអេឡិចត្រូនិច និងកសិផលវិញ កម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់។ក្នុងនោះទំនិញអេឡិចត្រូនិច មាន កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ និងផលិតផលឧស្សាហកម្ម បានចំនួន៨៨៧លានដុល្លារអាមេរិក កើនឡើង៥២.១៨%។ សម្រាប់ដំណាំកសិផល មានជាអាទិ៍ ស្រូវ អង្ករ កៅស៊ូ កម្ពុជានាំចេញបានក្នុងចំនួន១០១៤ លានដុល្លារអាមេរិកកើនឡើង៧០.៣៦%។ ជាមួយគ្នានេះ សម្រាប់តែខែមីនាឆ្នាំ២០២១ កម្ពុជាប្រមូលចំណូលពន្ធគយបាន២១១លានដុល្លារអេមរិក។ ចំណូលនេះក៏មានការធ្លាក់ចុះដូចគ្នា ក្នុងរង្វង់៤.៧% បើធៀបទៅនឹងខែមីនាដូចគ្នានៅឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ចំណូលពន្ធគយ៦១៤លានដុល្លារអាមេរិកនៅត្រីមាសទី១នេះ ជាការសម្រេចបានជាចំណែក២៦%នៃផែនការប្រចាំឆ្នាំ ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាប្រមូលចំណូលពន្ធគយសរុបបានប្រមាណ២៤១៩លានដុល្លារអាមេរិក ខណៈចំណូលពន្ធគយសរុបនៅឆ្នាំ២០១៩ មានចំនួន៣២០០លានដុល្លារអាមេរិក៕
ប្រភព៖ វិទ្យុបារាំងអន្តរជាតិ