ទស្សនៈ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនង និងទំនុកចិត្តដែលត្រូវស្តារវិញ

0
164

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទាន់ពេញវ័យទៅតាមអាយុកាលរបស់វានៅឡើយ។ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានតាំងពីមុន និងក្រោយកម្ពុជាទទួលឯករាជ្យមកម្ល៉េះ។

ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានភាពចម្រុះ ម្តងរះម្តងលិច ម្តងឡើងម្តងចុះ គ្មានស្ថិរភាព ហើយប្រទេសទាំងពីរក៏ធ្លាប់បានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នាម្តងជាពីរដងផងដែរ។ ទោះបែបនេះក្តី ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានការរីកចម្រើនលើវិស័យមួយចំនួន នាទសវត្សរ៍ចុងក្រោយនេះ។ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយរបស់សហរដ្ឋអាម៉េរិក បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើអាស៊ាន ក៏ដូចជាអាស៊ីទាំងមូល។ សហរដ្ឋអាម៉េរិកបានពង្រឹងភាពជាដៃគូរបស់ខ្លួនមានលក្ខណៈស៊ីជម្រៅជាមួយសមាជិកនានារបស់អាស៊ាន ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជា ត្រូវបានតាក់តែង និងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រមានលក្ខណៈជីវភាព និងទូលំទូលាយ។ យុទ្ធសាស្ត្រនេះផ្តោតលើសកម្មភាពជាច្រើន រួមមានការពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែលមានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាដើម ដែលការណ៍នេះមិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ផងដែរ។

ក្រោយមក សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហាក់មិនសូវឱ្យតម្លៃចំពោះអាស៊ាន ហើយទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេសមួយចំនួននៅអាស៊ានហាក់ដូចជាមិនសូវជាល្អ។ ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជាហាក់ដូចជាមានភាពរកាំរកូសច្រើន។ ប៉ុន្តែ ទោះជាបែបនេះក្តី នៅចុងអាណត្តិរបស់ខ្លួន នាឆ្នាំ២០១៩ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតចំនួន ២ច្បាប់មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាឥរិយាបថការទូតដ៏កម្រ។

លិខិតទីមួយ គឺអញ្ជើញសម្តេចតេជោទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិកនៅឆ្នាំ២០២០ និងលិខិតទី២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងទាក់ទងទ្វេភាគី ដោយបញ្ជាក់ថាសហរដ្ឋអាម៉េរិកចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា និងថា សហរដ្ឋអាម៉េរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសាទរចំពោះគំនិតផ្តួចផ្តើមជំនួបកំពូលរបស់លោក ដូណាល់ ត្រាំ ដោយកត់សម្គាល់ថាកិច្ចប្រជុំនេះនឹងលើកកម្ពស់ចំណងទាក់ទងរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក។ គោលជំហររបស់សម្ដេចតេជោ ហ៊ុន សែន គឺច្បាស់លាស់ និងគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាម៉េរិក បន្តរីកចម្រើន និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគាំទ្រគំនិតផ្តួចផ្តើម នៃការបង្កើតក្រុមការងារដើម្បីស្តារ «ជំនឿទុកចិត្ត» រវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យក្រុមការងារកិច្ចការបរទេស នៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។

ប៉ុន្តែ បើយើងពិនិត្យមើលឱ្យស៊ីជម្រៅ តើអ្វីជាបញ្ហាប្រឈមដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរចេះតែមានភាពរកាំរកូស និងមិនសូវរីកចម្រើន?

ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើ គេចាំបាច់ត្រូវពិនិត្យមើលផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ មុននឹងពិនិត្យទៅលើបញ្ហាប្រឈមនានា ដែលកើតមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ប្រទេសកម្ពុជា ថ្វីបើមានទំហំតូច ប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយក៏ពិតមែន ប៉ុន្តែទីតាំងភូមិសាស្ត្រ និងតួនាទីរបស់ខ្លួននៅក្នុងតំបន់ ប្រទេសកម្ពុជាពិតមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់សហរដ្ឋអាម៉េរិក។

ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក នៅកម្ពុជា រួមមានការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសគឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាម៉េរិកកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាល់ជាមួយចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា សហរដ្ឋអាម៉េរិក មិនត្រឹមតែសម្រេចបាននូវផលប្រយោជន៍ និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។

ចំពោះប្រទេសកម្ពុជាវិញ អាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ច គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងការកាត់បន្ថយភាពក្រីក្រ តាមរយៈជំនួយសហរដ្ឋអាម៉េរិក ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជាតែងផ្តល់សារៈសំខាន់ និងអាទិភាពខ្លាំងទៅលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដូច្នេះ សហរដ្ឋអាម៉េរិកគួរយល់ឱ្យច្បាស់ពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជា។

ទន្ទឹមនឹងការពិនិត្យមើលផលប្រយោជន៍ជាយុទ្ធសាស្ត្រ នៃប្រទេសទាំងពីរ យើងក៏ត្រូវមើលផងដែរ ពីបញ្ហាប្រឈមនានាដែលកើតមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងទិដ្ឋភាពនៃនយោបាយការបរទេស ប្រទេសទាំងពីរមានគោលដៅខុសគ្នា។ ក្នុងអំឡុងសតវត្សរ៍ទី២០ ជាពិសេសក្នុងអំឡុងសង្រ្គាមត្រជាក់ គោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងកំណើនឥទ្ធិពល នៃលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ហើយអ្វីផ្សេងទៀត គឺជារឿងបន្ទាប់បន្សំ។ សហរដ្ឋអាម៉េរិកមិនដែលមានគោលនយោបាយការបរទេសច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍នោះទេ និយាយជារួម និងចំពោះកម្ពុជា និយាយដោយឡែក។

ចំណែកឯគោលដៅ នៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនអាចរស់ក្នុងនាមជាប្រជាជាតិ និងជារដ្ឋអធិបតេយ្យមួយ តាមមធ្យោបាយដែលអាចធ្វើទៅបាន។ កម្ពុជាមិនរើសអើងថាជាលោកសេរី ឬ លោកកុម្មុយនីស្តនោះឡើយ។ គោលដៅនៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍ និងដណ្តើមមកវិញនូវកិត្យានុភាពជាតិដែលបាត់បង់ពីអតីតកាល។

ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាជាមួយចិន ទំនងនៅតែជាស្រមោលមួយដែលបិទបាំងការរីកលូតលាស់ នៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក។ ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក នៅតែស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ចំពោះមុខ សហរដ្ឋអាម៉េរិកនឹងមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។ និយាយជារួមទៅ ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាម៉េរិកចាត់ទុកកម្ពុជាជាស្ត្រីដែលរៀបការរួចជាមួយនឹងប្រទេសចិន។ ទស្សនៈនេះ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ដូចជាជាប់សោរជាមួយនឹងស្រមោលចិន។ ប៉ុន្តែជាក់ស្តែង កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសផ្កាចម្រុះពណ៌។

បញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ហាក់ដូចជាត្រូវបានសហរដ្ឋអាម៉េរិកប្រើប្រាស់ ដើម្បីថ្នូរក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយកម្ពុជា។ ដូច្នេះ នាំឱ្យមានគេមើលឃើញថា សហរដ្ឋអាម៉េរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រដល់គណបក្សប្រឆាំង និងលើកទឹកចិត្តដល់ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីបង្កើតការយល់ឃើញ «អវិជ្ជមាន» ចំពោះប្រទេសកម្ពុជា ដែលធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនោះ ការយល់ឃើញខុសគ្នាទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងកង្វះភាពជឿជាក់ និងទំនុកចិត្តខាងនយោបាយ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឥរិយាបថ អ្នកការទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជាកន្លងមក ក៏ជះឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរដែរ ដែលពួកគេហាក់ដូចជាមិនសូវយល់ឬមិនយកចិត្តទុកដាក់ពីតម្លៃអាស៊ី តម្លៃវប្បធម៌ និងអរិយធម៌ខ្មែរ ជាពិសេសរបត់ប្រវត្តិសាស្ត្រខ្មែរ។ ប៉ុន្តែ វត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក លោក Patrick Murphy ដែលជាអ្នកការទូតជើងចាស់ ប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងពីសង្គម និង វប្បធម៌កម្ពុជាច្រើន យើងកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព និងមានភាពប្រសើរឡើង។

ដូច្នេះ តើកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវជួសជុលទំនាក់ទំនង និងស្តារទំនុកចិត្តគ្នាឡើងវិញដោយរបៀបណា?

ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំ និងស្តារគម្លាតនៃទំនុកចិត្ត ជាបឋមនិងសំខាន់បំផុត ប្រទេសទាំងពីរគួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក។

ការស្ដារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដូចដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំងពីរ គួរតែត្រូវបានដឹងតាមរយៈយន្តការចម្រុះ និងការទូតពហុបទ ដោយគោរពទស្សនៈផ្សេងគ្នា និងធ្វើការវាយតម្លៃដោយផ្អែកលើការពិត។ ភាពខុសគ្នាលើជ្រុងណាមួយឬទិដ្ឋភាពណាមួយ មិនគួរត្រូវបានអនុញ្ញាតឱ្យគ្របដណ្តប់លើទិដ្ឋភាពទូទៅនៃទំនាក់ទំនងទាំងមូលរវាងប្រទេសទាំងពីរនោះឡើយ។

ការសន្ទនាទ្វេភាគីឱ្យញឹកញាប់ និងត្រង់ទៅត្រង់មក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្ត និងពូនជ្រុំទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យមានភាពចាស់ទុំសមនឹងវ័យ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ គួរសម្របសម្រួលជំហររបស់ខ្លួន ដោយបើកចិត្ត និងបេះដូងទទួលយកនូវភាពខុសគ្នា និងចេះធ្វើការជាមួយគ្នាឆ្ពោះទៅអនាគត។

ការលើកកម្ពស់ការយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ប្រទេសទាំងពីរគួរតែស្វែងយល់ពីផលប្រយោជន៍ជាតិជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងគោលដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសរៀងៗខ្លួន និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

ទន្ទឹងនឹងនោះដែរ វិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា សហរដ្ឋអាម៉េរិកគួរតែស្វែងយល់កាន់តែជ្រៅពីប្រវត្តិសាស្រ្តប្រព័ន្ធសង្គម-វប្បធម៌ លក្ខខណ្ឌនយោបាយ-សេដ្ឋកិច្ច និងភាពស្មុគស្មាញនៃនយោបាយអំណាច និងការផ្លាស់ប្តូរនៅកម្ពុជា។

សហរដ្ឋអាម៉េរិកគួរជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ខ្លួនជាមួយកម្ពុជា តាមរយៈយុទ្ធសាស្ត្រការ៉ុតជាជាងដំបង។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ការប្រើប្រាស់យុទ្ធសាស្ត្រដំបង គឺមិនសូវមានប្រសិទ្ធភាពនោះទេ។ ទន្ទឹមនឹងនោះ សហរដ្ឋអាម៉េរិកគួរតែពិចារណាលើកទឹកចិត្តដល់វិនិយោគិនរបស់ខ្លួនឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដូចដែលប្រទេសចិនកំពុងធ្វើ។

វាគួរតែដល់ពេលដែលសហរដ្ឋអាម៉េរិក និងកម្ពុជាចាកចេញពីស្រមោលចិន ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនេះឡើងវិញ។ កម្ពុជាត្រូវបន្តគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសរបស់ខ្លួន ដូចដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ។

ប្រទេសចិនក្តី សហរដ្ឋអាម៉េរិកក្តី សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាចាំបាច់ត្រូវរកមធ្យោបាយធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរិមាលើវិស័យនយោបាយ សេដ្ឋកិច្ច និងការទូត ហើយមិនគួរផ្តល់សារៈសំខាន់ដល់អំណាចណាមួយលើមហាអំណាចមួយទៀតនោះទេ។

ជារួមទៅ កម្ពុជា និងសហរដ្ឋអាម៉េរិក នៅមានឱកាសច្រើន និងមានលម្ហទូលំទូលាយក្នុងការជួសជុលទំនាក់ទំនងរបស់ខ្លួន និងការបិទភ្ជិតគម្លាតនៃទំនុកចិត្តរវាងគ្នានឹងគ្នា។ យើងសង្ឃឹមថា មេរៀននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រយៈពេល៧០ឆ្នាំមកនេះ វាគ្រប់គ្រាន់សម្រាប់ប្រទេសទាំងពីរប្រើប្រាស់ ដើម្បីពូនជ្រុំទំនាក់ទំនងរបស់ខ្លួនឱ្យមានស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរឹងមាំសម្រាប់រយៈពេល៧០ឆ្នាំទៅមុខ និងយូរអង្វែងទៅអនាគតទៀត៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ វាមិនឆ្លុះបញ្ចាំងជំហររបស់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឬរាជបណ្ឌិត្យសភាកម្ពុជានោះទេ)

ប្រភព : ក្រសួងព័ត៍មាន

LEAVE A REPLY

Please enter your comment!
Please enter your name here