អ្នកវិភាគចៅចាក់ស្មុក៖ ល្បែងឆ្ពិនភ្នែករបស់ក្រុម សម រង្ស៊ី និយម ដើម្បីប្រមូលប្រាក់ពីសកម្មជនរបស់ខ្លួនក្រោមលេសជួយពលរដ្ឋក្រីក្រ

0
452

(ភ្នំពេញ)៖ យុទ្ធនាការលក់ប័ណ្ណទិញនាឡិកាតម្លៃ ៥ដុល្លារដែលក្រុម សម រង្ស៊ី និយមបាននិងកំពុងធ្វើក្រោមលេសដើម្បីជួយពលរដ្ឋរងគ្រោះ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បានក្លាយជារឿងបោកប្រាស់ថវិការបស់សកម្មជនខ្លួនសាជាថ្មី បន្ទាប់ពីយុទ្ធនាការប្រមូលថវិកាបង្កើតទូរទស្សន៍ព្រះអាទិត្យ។ មូលនិធិទូរទស្សន៍ព្រះអាទិត្យចំនួន ជាង៧០ម៉ឺនដុល្លារដែលត្រូវបានលោក មុត ចន្ថា មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិក្រុម កឹម សុខា និយមបានប្រកាសទម្លាយថា ត្រូវបានបាត់ពីគណនីធនាគារ យ៉ាងស្ងៀមស្ងាត់ ដោយបានអះអាងថា យឹម សុវណ្ណ និង គី វណ្ណដារ៉ា មនុស្សជំនិតរបស់សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ ហើយកឹម សុខា មិនបានដឹងពីបញ្ហានេះឡើយ។

រហូតមកដល់ពេលនេះទាំង សម រង្ស៊ី ទាំង យឹម សុវណ្ណ គឺវណ្ណាដារ៉ា និងអ្នកស្និទ្ធនឹងសម រង្ស៊ី ដទៃទៀតរួមទាំង មូរ សុខហួរ និង អេង ឆៃអ៊ាង ផងមិនទាន់ហើបមាត់ឆ្លើយតប នឹងការចោទប្រកាន់នេះនៅឡើយទេ ដែលត្រូវបានគេសន្និដ្ឋានថា ពិតជាមានការឃុបឃិតយកប្រាក់នេះមែន គឺដូចអ្វីដែលមហាជនដាក់ការសង្ស័យតាំងពីដំបូងម៉្លេះថា ការរៃអង្គាសនេះគ្រាន់តែជាឡប់ឡែបិទបាំងការបោកប្រាស់ប្រាក់សកម្មជនរបស់ខ្លួនប៉ុណ្ណោះ។

ទំនងជា សម រង្ស៊ី និងក្រុមរបស់ខ្លួនដែលបាននិងកំពុងរត់គេចខ្លួននៅក្រៅប្រទេសអស់លុយចាយ ហើយបានជាខំបង្កើតយុទ្ធនាការថ្មីទៀតក្រោមលេស «មនុស្សធម៌» បោកប្រាស់ទាំងកណ្តាលវាល យកនាឡិកាមកដាក់លក់ថាប្រមូលលុយជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ ក្រុម សម រង្ស៊ី បានប្រកាសថាលក់បានជាង ៣ម៉ឺនបណ្ណហើយ ហើយបើគិតជាប្រាក់ចំនួនជាង១៥ម៉ឺនដុល្លារ។ ថវិកានេះត្រូវ បានពួកគេប្រកាសថា បានយកមកជួយប្រជាពលរដ្ឋជាបណ្តើរៗហើយ ដោយមិនចាំបាច់រង់ចាំរហូតដល់បិទបញ្ចប់យុទ្ធនាការនេះឡើយ។

តើគួរឱ្យជឿទេថា ក្រុម សម រង្ស៊ី មានចិត្តស្មោះនិងជួយពលរដ្ឋខ្មែរពិតនោះ? នេះគឺជាការបង្ហាញការបោកប្រាស់មួយយ៉ាងពិតប្រាកដក្នុងទិសដៅមួយ បង្កើតព័ត៌មានក្លែងក្លាយអំពីការ ជួយនេះដើម្បីទៅបង្ហាញអ្នកទិញបណ្ណបោកប្រាស់នេះជឿពួកគេ និងកុំឱ្យចោទសួរពួកគេថា តើពេលណា បានយកថវិការបស់ពួកគេទៅជួយពលរដ្ឋពិតប្រាកដ។ តាមពិតក្រុមសម រង្ស៊ីកំពុងបោកប្រាស់ទៀតហើយ!

ពួកគេថាបានជួយបណ្តើរៗហើយ? តើបានជួយប្រជាពលរដ្ឋនៅទីតាំងណាច្បាស់លាស់ បានប៉ុន្មានគ្រួសារហើយ តើជានរណាខ្លះ? ដោយសារតែមិនបានធ្វើដូចអ្វីដែលពួកគេប្រកាស ហេតុដូច្នេះបាន ជាពួកគេមិនហ៊ានផ្សព្វផ្សាយឱ្យបានច្បាស់លាស់ រួមទាំងមេបោករបស់ពួកគេក៏មិនហ៊ានហើបមាត់ពីបញ្ហា នេះផង។ នេះគឺជាល្បិចមួយដែលពួកគេរៀបចំឡើងដើម្បីបោកប្រាស់លុយសកម្មជនរបស់ខ្លួនប៉ុណ្ណោះ។ នៅពេលដែលបិទបញ្ចប់យុទ្ធនាការនេះ ពួកគេនឹងប្រកាសថា ថវិកាដែលបានមកគឺបានជួយប្រជាជនអស់ហើយ។ ជាការមួយដើម្បីកុំឱ្យមានការសង្ស័យ ហើយថវិកាដែលប្រមូលបាន គឺពួកគេនឹងយកទៅចែកគ្នា ដោយគ្មានការអៀនខ្មាសដូចដែលពួកគេបានកឹបកេងមូលនិធិទូរទស្សន៍ព្រះអាទិត្យយ៉ាងដូច្នេះដែរ។

តាមពិតក្រុម សម រង្ស៊ី អន់ជាងក្រុម កឹម សុខា ទៀត។ ក្រុម កឹម សុខា មិនបានប្រកាសលក់នាឡិកា ឬដីចម្ការ ម្រេចគាត់នោះទេ តែបានចូលរួមជាមួយរាជរដ្ឋាភិបាលចែកស្បៀងអាហារដល់ពលរដ្ឋមួយចំនួនរួចហើយ។

បើខ្លួនពិតជាមានចេតនាសុច្ចរិតក្នុងការជួយប្រជាជនរងគ្រោះមែន គួរតែធ្វើតាមសំណូមពររបស់លោក មុត ចន្ថា ដែលស្នើឱ្យមេបោក សម រង្ស៊ី ប្រាប់ទៅ យឹម សុវណ្ណ និងគី វណ្ណដារ៉ា បង្វែរមូលនិធិទូរទស្សន៍ព្រះអាទិត្យដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋយកមកជួយពលរដ្ឋវិញ។ ម្យ៉ាងវិញទៀតថវិកាជាង៣០ម៉ឺនដុល្លារទៀត ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩របស់ មេបោក សម រង្ស៊ី ក៏គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ ដោយរោគរាតត្បាតកូវីដ-១៩។ យឹម សុវណ្ណ និង គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរ ថាតើថវិកាជាង៧០ម៉ឺនដុល្លារនៅឯណា ដោយមិនគិតពីលុយរបស់អតីតគណបក្សសង្គ្រោះជាតិដែលបានមកពីការគាំទ្រផ្សេងៗ។

ប្រសិនបើគ្មានការបកស្រាយក្នុងរយៈពេល៧ថ្ងៃ នោះពលរដ្ឋខ្មែរគ្មានសង្ស័យអ្វីឡើយថា យុទ្ធនាការលក់បណ្ណនាឡិកានេះ គ្រាន់តែជាឡប់ឡែបិទបាំងការរៃអង្គាសប្រាក់ សម្រាប់ក្រុម សម រង្ស៊ី ចែកគ្នាចាយវាយតែប៉ុណ្ណោះ ហើយពួកគេពិតជាអ្នកបោកប្រាស់ពិតប្រាកដមែន។ អ្នកស្រុកបារាំងបានបកអាក្រាតថា ពលរដ្ឋខ្មែរនៅប្រទេសបារាំងពិតជាជ្រិញនឹងចរិតក្រអឺតក្រទមរបស់ប្តីប្រពន្ធ សម រង្ស៊ី ណាស់។

ដើររៃអង្គាសប្រាក់ពីពលរដ្ឋខ្មែរហើយយកទៅដើរចាយ ហ៊ឺហារ ស៊ីចុកម្ងូបថ្លៃៗហើយថតបង្ហោះតាមហ្វេសប៊ុកទៀត។ ទំនងនៅពេលនេះក្រុមអ្នកនយោបាយរត់ចោលគុកទាំងអស់ដែលជាក្រុមសម រង្ស៊ីនិយមអស់ លុយចាយហើយព្រោះមិនអាចធ្វើបុណ្យផ្កា ឬធ្វើបាតុកម្មប្រមូលលុយដូចមុនទៀតបាន បានជាពេលនេះមេបោក សម រង្ស៊ី ដាច់ចិត្តយកនាឡិការបស់ខ្លួន ធ្វើជាលេសដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន។

ការបោកប្រាស់នេះបានអស់លក្ខណ៍ទៅហើយនៅពេលដែលសកម្មជនក៏ដូចជាពលរដ្ឋខ្មែរបានដឹងពីពុតត្បុតពិត នៃយុទ្ធនាការលក់បណ្ណនាឡិកាបោកប្រាស់រៀបចំដោយ សម រង្ស៊ី នេះ។ កុំចង់មកបោក!

ដោយ៖ ចៅចាក់ស្មុក

LEAVE A REPLY

Please enter your comment!
Please enter your name here