មុត ចន្ថា:គួរបង្វែរមូលនិធិទូរទស្សន៍ព្រះអាទិត្យជួយពលរដ្ឋ

0
289

លោកមុត ចន្ថាជាមនុស្សដែលស្និទ្ធនឹងលោកកឹម សុខាបានសរសេរក្នុងហ្វេសប៊ុកថា តើមូលនិធិជាង ៧០ម៉ឺន ដុល្លារអាមេរិក សម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ នៅឯណា?

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងរបស់គណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ “SUN TV”។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺន ដុល្លារអាមេរិក។

នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា រួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង។ មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ០៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ ១)លោក កឹម សុខា ប្រធានគណបក្ស, ២)លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ៣)លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ។

ខ្ញុំឃើញលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (២០១២-កុម្ភៈ ២០១៧) បាននិងកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ ខ្ញុំយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។

លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារ នៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស?

LEAVE A REPLY

Please enter your comment!
Please enter your name here