ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានអះអាងថា សត្វក្តាន់មួយក្បាលបានងាប់ក្រោយពេលដែលវាជួបឧបត្តិហេតុធ្លាក់ជ្រោះបាក់ជើងនិងរបួសធ្ងន់ធ្ងរ ។
ប្រភពដដែលបានអះអាងថា ថ្មីៗនេះមានអ្នករាយការណ៍ហៅទូរស័ព្ទមកថា “ មានសត្វក្តាន់មួយក្បាលបានរងរបួស” ហើយគាត់បានបន្ថែមទៀតថា “តើអ្នកអាចមកជួយសង្គ្រោះវាបានទេ?” បន្ទាប់មក ក្រុមសង្គ្រោះសត្វព្រៃបានចេញដំណើរភ្លាមៗទៅកាន់ខេត្តក្រចេះ។
ប្រភពដដែលបានអះអាងថា ទូរស័ព្ទនោះត្រូវបានហៅចេញពីអង្គការ WWF-Cambodia ដែលជាអ្នកសិក្សាពីសត្វក្តាន់នៅក្នុងខេត្តក្រចេះ។
សត្វក្តាន់មួយក្បាលនោះបានរអិលធ្លាក់ចូលទៅក្នុងជ្រោះជាហេតុដែលបណ្តាលអោយវាបានបាក់ជើង។ ក្រុមអ្នកជួយសង្គ្រោះ រួមជាមួយនិងពេទ្យសត្វបានចេញទៅសង្គ្រោះ ហើយក្រុមការងារបានចាក់ថ្នាំនិងអបឆ្អឹងជើងរបស់វា ប៉ុន្តែ បើទោះបីជាមានការខិតខំប្រឹងប្រែងពីក្រុមការងារក្នុងការជួយព្យាបាលយ៉ាងណាក៏ដោយ ដោយសារតែការហូរឈាមនិងមុខរបួសធំពេកវាក៏បានស្លាប់នៅតាមផ្លូវមុនពេលដែលបញ្ជូនដល់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៕
ប្រភព : រស្មីកម្ពុជា