ភ្នំពេញៈ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ១១ឆ្នាំ ពាក់ព័ន្ធរឿងប្រព្រឹត្តអំពើពុករលួយលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តពោធិ៍សាត់ ត្រូវបានលើកលែង ទោសឲ្យមានសេរីភាព។ នេះបើយោងតាមរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ដែលរស្មីកម្ពុជាទើបតែបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
លោក តុប ច័ន្ទសិរីវុធ ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនជាមួយនឹងអ្នកបើកបរពីរនាក់ទៀត នៅឯគេហដ្ឋានរបស់លោក ក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
តុលាការខេត្តពោធិសាត់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ បានកាត់ទោសអតីតព្រះរាជអាជ្ញាតុលាការខេត្តឱ្យជាប់ពន្ធនាគារចំនួន១៩ឆ្នាំ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់។ ចំណែកអង្គរក្សពីរនាក់គឺឈ្មោះ រស់ សំណាង ផ្តន្ទាទោស ១៧ឆ្នាំ និងឈ្មោះ ឈិន វុទ្ធី ផ្តន្ទាទោស ១៥ឆ្នាំ។ ចំណែកឈ្មោះ ពេជ្រ គុណយូ ដែលបានរត់គេចខ្លួន ឱ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ អំពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
គួរបញ្ជាក់ថា លោក តុប ច័ន្ទសិរីវុធ ក្លាយជាទណ្ឌិតក្រោមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៨០ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ របស់តុលាការកំពូលដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៩ឆ្នាំ។ លោក តុប ច័ន្ទសិរីវុធ បានចូលបម្រើការងាររដ្ឋនាអំឡុងចុងឆ្នាំ១៩៨៣ និងត្រូវបានតែងតាំងជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០១/២០០ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០១ ហើយក៏ត្រូវបានតែងតាំងមុខតំណែងថ្មីជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៨ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។ ហើយត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌនៃអង្គចៅក្រមតែម្តង ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៥/០៨៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ៕
ប្រភព : រស្មីកម្ពុជា