ស្ថាប័នអាកាសចរណ៍របស់ UN នឹងធ្វើការស៊ើបអង្កេតលើការចុះចតយន្តហោះ នៅបេឡារុស

0
85

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICAO) បានយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ដើម្បីធ្វើការស៊ើបអង្កេតទៅលើការចុះចតដោយបង្ខំ នៃយន្ដហោះដឹកអ្នកដំណើរ Ryanair នៅទីក្រុង Minsk ដែលជាឧប្បត្តិហេតុមួយបង្កឱ្យមានកំហឹងពីអន្តរជាតិ។ ក្រុមប្រឹក្សាដែលមានប្រទេសចំនួន ៣៦ របស់ ICAO បានធ្វើសកម្មភាព បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើន បានទាមទារឱ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដែលរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានហៅថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីដឹកជញ្ជូនអៀរឡង់លោក Eamon Ryan បាននិយាយថា ICAO នឹងធ្វើរបាយការណ៍បណ្តោះអាសន្ន នៅថ្ងៃទី២៥ ខែមិថុនា។ ប្រទេសបេឡារុស កាលពីថ្ងៃអាទិត្យ បានបង្វែរយន្តហោះរបស់អៀរឡង់ឲ្យចុះចតនៅទីក្រុង Minsk និងឃុំខ្លួនអ្នកកាសែតបេឡារុសម្នាក់ដែលប្រឆាំង។ យន្ដហោះដែលធ្វើដំណើរពីក្រុង Athens ទៅកាន់ទីក្រុង Vilnius របស់លីទុយអានី ត្រូវបានបញ្ជាឱ្យចុះចត។ លោក Ryan មានប្រសាសន៍ថា “សកម្មភាពដែលមិនអាចទទួលយកបានទាំងនេះ គឺជាការវាយប្រហារទៅលើសន្តិសុខអាកាសចរណ៍អឺរ៉ុប និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរ និងនាវិកនៅពេលពួកគេធ្វើដំណើរ នៅចន្លោះរដ្ឋធានីសហភាពអឺរ៉ុបចំនួនពីរ”។ នៅក្រោមអនុសញ្ញាទីក្រុងឈីកាហ្គោ ប្រទេសនីមួយៗមានអធិបតេយ្យភាពលើលំហអាកាសផ្ទាល់ខ្លួន ប៉ុន្តែសន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់អាកាសចរណ៍ស៊ីវិលណាមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព។ ដោយឡែក សន្ធិសញ្ញាម៉ុងត្រេអាល់ ឆ្នាំ១៩៧១ ដែលប្រទេសបេឡារុសក៏ជាភាគីមួយដែរ បានចាត់ទុកខុសច្បាប់ ចំពោះការរឹបអូសយកយន្តហោះ ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរបៀបដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពយន្តហោះ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here