ក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្សបានព្រមានថា ច្បាប់ថ្មីមួយដែលរដ្ឋាភិបាលថៃកំពុងតាក់តែង ដើម្បីដាក់កំហិតលើអង្គការមិនស្វែងរកប្រាក់កម្រៃ នឹងបង្កជា «ការគំរាមកំហែង» ចំពោះកិច្ចការរបស់អង្គការការពារសិទ្ធិមនុស្សនានានៅក្នុងប្រទេសថៃ ហើយអាចបង្កឲ្យអង្គការមួយចំនួនត្រូវបិទទ្វារ ឬ ចាកចេញពីប្រទេសនេះ។ សំណើច្បាប់នេះ បានតម្រូវឲ្យអង្គការមិនស្វែងរកប្រាក់កម្រៃទាំងអស់ ចុះបញ្ជីជាមួយរដ្ឋាភិបាល ប្រកាសអំពីប្រភពនៃថវិការបស់ខ្លួនទាំងអស់ជារៀងរាល់ឆ្នាំ ប្រកាសអំពីរបៀបដែលពួកគេចំណាយថវិកាទាំងនោះ និងប្រគល់របាយការណ៍សវនកម្ម និងឯកសារប្រកាសពន្ធប្រចាំឆ្នាំឲ្យរដ្ឋាភិបាល។ មេដឹកនាំនៃអង្គការណា ដែលមិនបានចុះបញ្ជី អាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ទៅ ៥ ឆ្នាំ។ សំណើច្បាប់នេះ ក៏នឹងអនុញ្ញាតផងដែរ ឲ្យក្រសួងមហាផ្ទៃអាចចូលទៅក្នុងការិយាល័យរបស់អង្គការទាំងនោះ បានគ្រប់ពេលទាំងអស់ និងប្រមូលយកឯកសារនានា ដោយមិនចាំបាច់មានដីកាបង្គាប់ពីតុលាការ។ ជាងនេះទៀត សំណើច្បាប់នេះ បានបញ្ជាក់ថា អង្គការមិនស្វែងរកប្រាក់កម្រៃ អាចចំណាយថវិកាដែលបានមកពីបរទេស សម្រាប់តែកិច្ចការណា «ដែលក្រសួងមហាផ្ទៃអនុញ្ញាតឲ្យ» តែប៉ុណ្ណោះ។ សំណើច្បាប់នេះបានធ្វើឡើង បន្ទាប់ពីមានរលកនៃការប្ដឹងផ្ដល់ និងការចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាល និងអ្នករិះគន់ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេស។ អ្នករិះគន់ទាំងនោះរងការចោទប្រកាន់ពីបទញុះញង់ ឲ្យមានការបះបោរ និងបទប្រមាថរាជរង្សានុវង្សព្រះមហាក្សត្រ ជាបទឧក្រិដ្ឋដែលអាចធ្វើឲ្យអ្នកប្រព្រឹត្តិខុសជាប់ពន្ធនាគារ រហូតដល់ទៅ ១៥ ឆ្នាំ៕ AFP