(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺលោកស្រី ស៉ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយ នាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ ក្នុងវ័យ៤២ឆ្នាំ។
បើតាមតារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានថ្លែងប្រាប់ ថា តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧៖៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។
ជាការពិត កាលនៅមានជីវិត អ្នកនាង ស៉ិន ឧត្តមផល្លា នាពេលថ្មីៗនេះ បានដាច់ចិត្តទម្លាយប្រាប់មហាជន ក៏ដូចជាមិត្តរួមអាជីពថា លោកស្រី បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។
តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ និងបាត់បង់ជីវិតនៅថ្ងៃនេះតែម្តង៕