សូមជួយថែរក្សាសត្វព្រៃ-ស្វែងយល់ពីសត្វកេងកងធំ

0
954

សត្វកេងកងធំ (Great Hornbill) ឈ្មោះវិទ្យាសាស្រ្ត Buceros bicornis ជាប្រភេទសត្វស្លាបមានមាឌធំ(១១៩-១២២ សម)។ សត្វកេងកងធំឈ្មោលមានទំហំខ្លួនធំ ក្បាលមានពណ៌ខ្មៅ លឿង ចំណែកចំពុះ និងមួកធំពណ៌ លឿងមានឆ្នូតចំកណ្តាល។ ស្លាបរបស់វាមានពណ៌លឿង និងមានឆ្នូតតាមគែមស្លាបក្រោម កន្ទុយពណ៌សនិង មានកាត់ទទឹងខ្មៅធំ ក្រៅពីនោះមានភ្នែកពណ៌ក្រហម សត្វកេងកងធំញីមានលក្ខណៈពណ៌សំបុរដងខ្លួននិងកន្ទុយដូចឈ្មោលដែរប៉ុន្តែមានលក្ខណៈខុសគ្នាត្រង់ ភ្នែកពណ៌ស និងមួកពុំមានពណ៌ខ្មៅទេ (Robson, 2005 & Cambodia Bird Book, 2003)។ វាជាប្រភេទជិតទទួលរងគ្រោះ (NT) ជាសកល (IUCN, 2015)។ វាមានវត្តមាននៅបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសចិន ឥណ្ឌា នេប៉ាល់ ភូមា ថៃ ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី (Birdlife International, 2015)។ តាមការសិក្សាស្រាវជ្រាវចំនួនរបស់វានៅតំបន់អាស៊ីអាគ្នេយ៍ និងចិណ្ឌូចិនមានចំនួន២០០០០-៥០០០០ ក្បាល (Birdlife International, 2010)។ចំណែកនៅប្រទេសកម្ពុជាមានវត្តមានដោយកំរនៅភូមិភាគនិរតី និងឧត្តរនៃប្រទេសកម្ពុជាដូចជា៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ភ្នំបូកគោក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគីរី និងរត្តនៈគីរី។ រដូវបន្តពូជរបស់វាចាប់ពីខែកុម្ភៈ រហូតដល់ខែមេសា ហើយពងមានចំនួនពី១-២ រហូតដល់៣ដោយកំរ។ តាមការស្រាវជ្រាវចំនួនរបស់ប្រភេទសត្វនេះមានការថយចុះគួរអោយព្រួយបារម្មណ៍ដោយសារការបាត់បង់ទីជម្រក ការបរបាញ់ ការប្រមូលពងកូន និងការធ្វើអាជីវកម្មដើមសំបុក (Frederic Geos, 2013)៕

LEAVE A REPLY

Please enter your comment!
Please enter your name here