រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ទស្សនកិច្ចរបស់លោក នៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza ដោយបានសរសើរការដឹកនាំដ៏សំខាន់របស់ព្រះមហាក្សត្រ Abdullah នៃប្រទេសហ៊ក្សដានី នៅក្នុងការជួយឲ្យមានការឈប់បាញ់គ្នានេះ។ លោក Blinken បានអញ្ជើញទៅដល់ប្រទេសហ៊ក្សដានី ដែលជាប្រទេសចុងក្រោយក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីជួបជាមួយព្រះមហា្សត្រ Abdullah ក្នុងការពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ ចំពោះកិច្ចប្រឹងប្រែងស្តារឡើងវិញ នៅក្នុងតំបន់ Gaza លោក Blinken បានបញ្ជាក់ថា «បញ្ហាបន្ទាន់បំផុត គឺជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋក្នុងតំបន់ Gaza ជាពិសេស ទឹក អនាម័យ ភ្លើងអគ្គិសនី។ យើងត្រូវតែរួបរួមគ្នា ដើម្បីដោះស្រាយសេចក្តីត្រូវការជាបន្ទាន់ទាំងនោះ ក្រៅពីនោះ គឺការសាងសង់តំបន់នោះឡើងវិញ»។ លោក Blinken បានអញ្ជើញទៅដល់ប្រទេសហ៊ក្សដានី ដែលទីនោះប្រជាពលរដ្ឋចំនួនពាក់កណ្តាលនៃចំនួន ១០លាននាក់ មានដើមកំណើតប៉ាឡេស្ទីន បន្ទាប់ពីជំនួបកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីគែរ ជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah el-Sissi និងលោករដ្ឋមន្ត្រីការបរទេស Sameh Shoukry។ ក្នុងអំឡុងពេលជំនួបនៅក្នុងប្រទេសអេហ្ស៊ីប ជាមួយប្រធានាធិបតី el-Sissi លោក Blinken បាននិយាយអំពីការដោះលែងជនជាតិអាមេរិក ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអេហ្ស៊ីប៕ AP