កម្មកររោងចក្រយុាំងដុង១ ខូអិលធីឌី ប្រមាណជាង១០០នាក់តវ៉ាសុំបើកប្រាក់ខែ៥ភាគរយ និងប្រាក់ខែគោល

0
367

ភ្នំពេញ: កម្មករកម្មការិនីប្រមាណ១០០នាក់ បម្រើការងារនៅក្នុងរោងចក្រយុាំង ដុង១ ខូអិលធីឌី បាននាំគ្នាផ្ទុះការតវ៉ាសុំឲ្យថៅកែរោងចក្របើកប្រាក់ខែ៥ភាគរយ រួមជាមួយនឹងប្រាក់ខែគោលបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្មករកម្មការិនីបានឱ្យដឹងថា ពួកគាត់ធ្វើការនៅក្នុងរោងចក្រយុាំង ដុង១ ខូអិលធីឌីនេះក្នុងម្នាក់ៗអស់រយៈពេលពី៤ទៅ៥ឆ្នាំមកហើយ ហើយកន្លងមកក្នុងការបើកប្រាក់ខែក៏មានការអាក់រអួលបន្តិចបន្តួចផងដែរ លុះមកដល់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១នេះ ខាងរោងចក្រមិនបានបើកប្រាក់ខែតាមការកំណត់នៅថ្ងៃទី២៥នោះ ទើបពួកគាត់បាននាំគ្នាចូលទៅសួររដ្ឋបាលក្នុងរោងចក្រ ប៉ុន្តែបែរជាគេឆ្លើយប្រាប់ពួកគាត់ថាគ្មានលុយបើកឱ្យទៅវិញ។ ដោយសារពួកគាត់មិនសុខចិត្តទើបនាំគ្នាផ្ទុះការតវ៉ាអស់រយៈពេលជាងពីរថ្ងៃមកហើយ។

ក្រោយមកទើបខាងតំណាងរោងចក្របានប្រាប់កម្មករកម្មការិនីថា រង់ចាំដល់ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ទើបខាងរោងចក្របើកប្រាក់ខែគោលឲ្យពួកគាត់ទាំងអស់។ ចំណែកប្រាក់៥%បើកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែដោយសារតែមិនមានការធ្វើកិច្ចសន្យាត្រឹមត្រូវទើបកម្មករកម្មការិនីទាំងអស់ផ្ទុះការតវ៉ានេះតែម្ដង ដែលក្នុងនោះកម្មករកម្មការិនីបានសំណូមពរដល់អាជ្ញាធរខណ្ឌ សូមជួយរកដំណោះស្រាយជូនដល់ពួកគាត់ជាកម្មករកម្មការិនីនេះផង។ ពួកគាត់បានបន្ថែមឲ្យដឹងទៀតផងថា បើសិនជាខាងរោងចក្របើកប្រាក់ខែឲ្យពួកគាត់នោះ ពួកគាត់នឹងចូលទៅធ្វើការដូចធម្មតាវិញ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here