ប្រជាជនកូរ៉េខាងត្បូងលែងត្រូវការរបាំងមុខពេលចេញក្រៅ បើបានចាក់វ៉ាក់សាំងរួចហើយ

0
144

ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី២៦ ខែឧសភា បាននិយាយថា របាំងមុខនឹងមិនត្រូវបានតម្រូវឱ្យប្រើនៅខាងក្រៅទៀតទេ ចាប់ពីខែកក្កដាតទៅ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ មួយដូស។ វិធានការនេះ គឺជាការជំរុញលើកទឹកចិត្តប្រជាជនវ័យចំណាស់ ឱ្យពួកគាត់មកចាក់វ៉ាក់សាំង ខណៈដែលកូរ៉េខាងត្បូងមានគោលបំណងចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ៧០ ភាគរយ នៃប្រជាជនចំនួន ៥២ លាននាក់របស់ខ្លួន នៅខែកញ្ញា ពីចំនួន ៧,៧ ភាគរយ នៅពេលនេះ។ លោកនាយករដ្ឋមន្រ្តី Kim Boo-Kyum បានប្រាប់កិច្ចប្រជុំឆ្លើយតបនឹងមេរោគឆ្លង កាលពីថ្ងៃពុធថា មនុស្សដែលបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ មួយដូស ក៏នឹងត្រូវបានអនុញ្ញាតឱ្យមានការជួបជុំគ្នាក្នុងចំនួនច្រើន ចាប់ពីខែមិថុនា។ លោកបានមានប្រសាសន៍ថា វិធានការណ៍នឹងត្រូវបានកែសម្រួល នៅក្នុងខែតុលា នៅពេលដែលប្រជាជនជាង ៧០ ភាគរយ បានទទួលកម្រិតដូសដំបូងរបស់ពួកគេ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថា មនុស្សជាង ៦០ ភាគរយ ដែលមានអាយុចន្លោះពី ៦០ ទៅ ៧៤ ឆ្នាំ បានចុះឈ្មោះដើម្បីទទួលថ្នាំបង្ការ។ កូរ៉េខាងត្បូងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនទូទៅ ដែលមានអាយុចន្លោះពី ៦៥ ឆ្នាំ ទៅ ៧៤ ឆ្នាំ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ នៅតាមគ្លីនិកជាង ១២.០០០ កន្លែង។ ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា មានករណីឆ្លងវីរុសនេះ ចំនួន ៧០៧ ករណី កាលពីថ្ងៃពុធ ដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ ១៣៧.៦៨២ នាក់ ជាមួយនឹងការស្លាប់ ១.៩៤០ នាក់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here