ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃពុធថា លោកបាន«ធ្វើសកម្មភាពស្របច្បាប់ដើម្បីការពារប្រជាជន» តាមរយ:ការបង្វែរជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ពីលើដែនអាកាសរបស់បេឡារុស ជាសកម្មភាពដែលបានធ្វើឲ្យមានការខឹងសម្បារទូទាំងសាកលលោក។ ជើងហោះហើរពីរដ្ឋធានី Athens របស់ប្រទេសក្រិក ទៅកាន់រដ្ឋធានី Vilnius ប្រទេសលីទុយអានី ដែលដឹកសកម្មជនប្រឆាំងដែលគេស្វែងរកចាប់ខ្លួន ត្រូវបានបង្ខំឲ្យចុះចតក្នុងរដ្ឋធានី Minsk របស់បេឡារុស កាលពីថ្ងៃអាទិត្យ ដោយគេសន្មតថា មានការគំរាមកំហែងដោយគ្រាប់បែក ដែលបានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍សហគមន៍អឺរ៉ុបជាច្រើន បញ្ឈប់ការហោះហើរលើដែនអាកាសប្រទេសបេឡារុស។ លោក Lukashenko បានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាបេឡារុសថា៖ «ខ្ញុំបានធ្វើសកម្មភាពដោយស្របច្បាប់ ដើម្បីការពារប្រជាជនរបស់យើង»។ បុរសខ្លាំងរូបនេះ ដែលដឹកនាំប្រទេសអស់រយៈពេលជាង ពីរទសវត្សមកហើយនោះ ក៏បាននិយាយដែរថា «ការវាយប្រហារ» មកលើប្រទេសរបស់លោកបានហួស «បន្ទាត់ក្រហម» ហើយ។ លោកបន្តថា ដូចដែលយើងបានទស្សន៍ទាយ អ្នកដែលស្អប់យើងទាំងក្នុង និងក្រៅប្រទេសបានប្ដូរវិធីសាស្ត្រ ដើម្បីវាយប្រហារប្រទេសរបស់យើង»។ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនបានពិនិត្យមើលនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបរបស់លោក Lukashenko បន្ទាប់ពីឧបទ្ទវហេតុយន្តហោះនេះ។ មេដឹកនាំអឺរ៉ុប ក៏បានទាមទារឲ្យដោះលែងលោក Roman Protasevich សកម្មជនប្រឆាំងដែលបានស្ថិតនៅលើយន្តហោះនោះ ហើយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបេឡារុសនៅក្នុងទីក្រុង Minsk៕ AFP