បាត់ដំបង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២៥ខែឧសភា ឆ្នាំ២០២១ បានចាត់ឱ្យ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី ជួបសំណេះសំណាល សួរសុខទុក្ខ ពីស្ថានភាពរស់នៅ សុខភាព និងជួយឧបត្ថម្ភអំណោយ ដើម្បីសម្រាលការលំបាក ផ្នែកជីវភាពដល់ លោក ទេស សុជុន (ហៅ នាយក្រិន) អាយុ ៤២ ឆ្នាំ ជាតារាកំប្លែង មានមាឌតូចល្អិត កំពុងមានជំងឺ ប្រចាំកាយ និងមានកូនតូចប្រុសស្រី ចំនួន ៣ នាក់ រស់នៅក្នុងបន្ទុក ក្រុមគ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំ ប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីអាណិតអាសូរ និងលើកទឹកចិត្ត ដល់លោក ទេស សុជុន (ហៅ នាយក្រិន) សូមប្រឹងប្រែង ប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាព ឱ្យបានល្អ អនុវត្តតាមវិធានការនានា របស់ក្រសួងសុខាភិបាលដោយអនុវត្តវិធីកាត់ បន្ថយ ហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ គឺ ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាត ដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប្រើម៉ាស៊ីន ត្រជាក់ ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង ២ ចូលរួម(១.ចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ , ២.ស្កេនកូដទីតាំងទប់ស្កាត់ ជំងឺកូវីដ-១៩ )។
អំណោយរួមមាន អង្ករ ១០០ គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ១០កេស នំធុង៣ធុង និងថវិកា ៥ លានរៀល។ ដោយឡែក លោកបណ្ឌិត ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបានជួយថវិកា ដល់ឪពុក និងកូននាយក្រិន នូវថវិកា មួយចំនួនផងដែរ៕/
ប្រភព :រស្មីកម្ពុជា