វិបត្តិនៃការហូបអាហារលើអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល

0
174

វិបត្តិនៃការហូបអាហារលើអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល៖ តើត្រូវពិសារអាហារ និងទឹកយ៉ាងដូចម្តេច?
ជាទូទៅអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល តែងតែមានវិបត្តិនៃការហូបអាហារ (ឈ្លក់) ។ ការឈ្លក់អាហារ គឺនៅពេលលេបចូលទៅ ធ្វើឲ្យអាហារ ឬទឹកធ្លាក់ចូលក្នុងបំពង់ខ្យល់ ដោយសារការខ្សោយសាច់ដុំបិទមិនជិតនៃរន្ធបំពង់ខ្យល់នៅចំហៀងខាងណាមួយ។ នៅពេលមានកាកសំណល់ធ្លាក់ចូលតាមបំពង់ខ្យល់ទៅដល់សួត វាធ្វើឲ្យមានការរលាកសួត ឬអាចស្លាប់បាននៅពេលឈ្លក់អាហារធ្ងន់ធ្ងរ។
អ្នកជំនាញខាងចលនាបង្ហាត់បង្រៀនការលេបអាហារ និងទឹកឲ្យមានសុវត្ថិភាព ចំពោះអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យកាល់ម៉ែត សូមចូលរួមផ្តល់ចំណេះដឹងសំខាន់ៗដូចខាងក្រោម៖
១) យើងត្រូវធ្វើតេស្តឲ្យអ្នកជំងឺផឹកទឹក៩០ម.ល បើសិនគាត់ឈ្លក់ ចាំបាច់ត្រូវដាក់សុងក្រពះដើម្បីផ្ដល់អាហារជូនគាត់
២) ធ្វើលំហាត់ចលនានៅមាត់ ដូចជាបូញមាត់ទៅមុខ ទាញមកក្រោយវិញ ខ្ជឹបមាត់ ហាមាត់ ធ្វើចលនាថ្គាមក្រោមងាកទៅចំហៀង (ស្ដាំ ឬឆ្វេង)
៣) ធ្វើលំហាត់អណ្ដាតដូចជា លៀនអណ្ដាតចេញក្រៅ ទាញចូលមកវិញ ក្រលៀសអណ្ដាតក្នុងមាត់ ដើម្បីពង្រឹងកំលាំងសាច់ដុំអណ្ដាតឲ្យខ្លាំងក្នុងការជួយរុញច្រានអាហារចូលទៅក្នុងបំពង់ក
៤) ធ្វើលំហាត់ដោយស្រែក អាហ៏ៗៗៗៗៗ ឲ្យវែងដើម្បីពង្រឹងសាច់ដុំខាងក្នុងបំពង់ក និងបង្កើនកំលាំងដកដង្ហើម។
៥) ស្រែក អ៊ីៗៗៗៗ ឲ្យវែង ដើម្បីបង្កើនកំលាំងសាច់ដុំខ្ជឹបបំពង់ខ្យល់ សម្រាប់ទប់អាហារ ឬទឹកកុំឲ្យធ្លាក់ចូលបំពង់ខ្យល់ពេលលេបអាហារ។
៦) យុទ្ធសាស្ត្រពិសារអាហារ និងទឹកឲ្យមានសុវត្ថិភាព៖
– ត្រូវតែអង្គុយឲ្យត្រង់ខ្លួន
– បញ្ចុក ឬហូបអាហារតាមមាត់
– ឈប់ផ្ដល់អាហារ និងទឹក បើសិនអ្នកជំងឺក្អក ឬអស់កំលាំង
– បន្តអង្គុយត្រង់ខ្លួនយ៉ាងហោចណាស់ ៣០នាទីទៀតក្រោយពិសាររួច
– សូមប្រាកដថា អ្នកជំងឺលេបអាហារអស់ពីក្នុងមាត់សិនមុនឲ្យពិសារទៀត
– សំអាតមាត់ ដុសធ្មេញឲ្យបានទៀងទាត់
«ប្រសិនបើលោកអ្នកមានអ្នកជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល ហើយមានវិបត្តិក្នុងការពិសារអាហារ (ហូបឈ្លក់) សូមមេត្តាអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបពិគ្រោះ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញៗបន្ថែមទៀត ដោយល្អិតល្អន់បំផុត។»(អត្ថបទ : មន្ទីរពេទ្យ កាល់ម៉ែត្រ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here