ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា សម្រាប់ការដែលប្រព័ន្ធផ្សាយរបស់រដ្ឋចេញផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន ដោយមិនធ្វើឱ្យប្រជាពលរដ្ឋ មានការយល់ច្រឡំនោះទេ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាព វឌ្ឍនភាពការងារលើវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍រម្លឹកដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយនូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ទើបរាល់ព័ត៌មាន និងដំណឹងដែលផ្សាយចេញទៅ ទទួលបាននូវទំនុកចិត្ត និងទទួលយកបាន ព្រមទាំងមានការជឿជាក់ពីប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានសម្ដែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងព័ត៌មាន បានរួមគ្នាសម្រេចអនុវត្តន៍ ក្នុងរយៈពេលកន្លងមក ដែលឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាន និងសោតទស្សន៍ ព្រមទាំងបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ឯកភាព និងសហការគ្នា។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការជំរុញ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណារៀបចំបច្ចុប្បន្នភាពការងារ ផ្ទៃ ក្នុងបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះថា ក្រសួងព័ត៌មាននៅមានកិច្ចការងារ សំខាន់ៗជាច្រើនទៀតដែលត្រូវធ្វើ។ ទន្ទឹមនេះ បើទោះបីស្ថិតកាលៈទេសៈ នៃជំងឺកូវីដ-១៩នេះក៏ដោយ ប៉ុន្តែស្ថាប័នព័ត៌មាន នៅតែដើរតូនាទីយ៉ាងសកម្មក្នុងការផ្សព្វ ផ្សាយព័ត៌ មានពិត ទាន់ហេតុការណ៍នូវរាល់ព្រឹត្តការណ៍ថ្មីៗ ឱ្យសាធារណជនបានដឹង។
ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំដល់គ្រប់អង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ទាំងអស់ ត្រូវបន្តចូលរួម និងអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដោយអនុវត្ដន៍នូវវិធានការ ៣ កុំ ៣ ការពារ៕
ប្រភព : មន្រ្ដីក្រសួងព័ត៌មាន