ភ្នំពេញៈលោកអភិបាលខេត្តស្វាយរៀងបានបដិសេធថារូបភាពវិដេអូដែលប្រព័ន្ធសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង រកឃើញវិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាក គឺមិនមែនជាការពិតទេ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី២៦ខែឧសភានេះថាក្រុមគ្រូពេទ្យ បានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨នាក់ ដោយក្នុងនោះរកឃើញ ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅព្យាបាលភ្លាម។
លោកបានបញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ។ គាត់ឃើញគគេយកសំណាក គាត់ស្មានថាយកសំណាក ពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅ ហើយវាច្រឡំចឹងទេ។ មុខសញ្ញាដែលយើងយកគឺតែពីរអគារនៅរោងចក្រ អេ អេន ជេ មិនបាន ២០០នាក់ផងហើយអគារមិនពាក់ព័ន្ធនឹង កូវីដយើងទៅយកធ្វើអី។
លោកបន្តថាឃើញអ្នកសារព័ត៌មានចុះផ្សាយអ៊ីចឹងខ្ញុំកំពុងតែឆ្ងល់ឲ្យរដ្ឋបាលខេត្តធ្វើលិខិត បំភ្លឺវិញ”៕
ប្រភព :រស្មីកម្ពុជា