ព្រះសីហនុ ៖ យោងតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះសីហនុធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដេននី ក្វាន់ ដែលអះអាងថាខ្លួន គឺជាជនរងគ្រោះដោយបានគេងនៅសណ្ឋាគារសមុទ្រមាសនៅក្រុងព្រះសីហនុកាលពីខែតុលា២០២០ ត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេង ហើយមូលហេតុដែលនាងត្រូវបង្ហោះវីដេអូជាសាធារណៈនៅពេលនេះ ដោយសារការដោះស្រាយ មិនមានយុត្តិធម៌សម្រាប់នាង ។
ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃពុធនេះថា បណ្តឹងនៃការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារសមុទ្រមាសក្នុងក្រុងព្រះសីហនុ បានកើតឡើងតាំងពីថ្ងៃទី២១ ខែតុលាឆ្នាំ២០២០មកម្លេះ ។
ឯកឧត្តមបញ្ជាក់ថា ម្ចាស់សណ្ឋាគារ អ្នកស្រី ជា ណារី គឺជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកខ្មែរ ត្រូវបានតុលាការកា.ត់ទោ.សពីបទ រំ.លោ.ភ សិទ្ធិឯកជនដោយជាប់ពន្ធធនាគារយៈពេល១ឆ្នាំ តាំងពីខែតុលា ២០២០មកម្លេះ ចំណែកសណ្ឋាគារ សមុទ្រមាស សមត្ថកិច្ចបានបិទដំណើរការតាំងពីថ្ងៃទី២២ ខែតុលា ២០២០មក ។
ស្នងការនគរបាលខេត្តព្រះសីហនុបានបន្តថា តួនាទីរបស់ស្នងការនគរបាលយុត្តិធម៌ គឺបានបំពេញរួចរាល់ហើយតាំងពីពេលកើតហេតុមកម្លេះ ដូច្នេះប្រសិនបើភាគីណាមួយមិនសុខចិត្ត គឺជាសិទ្ធរបស់គាត់ គាត់អាចដាក់ពាក្យបណ្តឹងទៅតុលាការបន្ត។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៥ឧសភានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដេននី ក្វាន់ ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះ បានបង្ហោះសារអមដោយវីដេអូតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងបានគេងនៅសណ្ឋាគារសមុទ្រមាសនៅក្រុងព្រះសីហនុនេះ ប៉ុន្តែត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដែលនាងបានគេង ហើយក្នុងនោះមិនមែនតែបន្ទប់នាងគេងនោះទេ គឺគ្រប់បន្ទប់ទាំងអស់ត្រូវបានដាក់កាមេរ៉ា។
នាងបានបន្តទៀតថា ករណីខាងលើនេះបានកើតឡើងតាំងពីខែតុលាឆ្នាំ២០២០ ប៉ុន្តែនាងមិនបង្ហោះជាសាធារណៈនោះទេ ដោយសារត្រូវរង់ចាំដំណោះស្រាយជាមួយម្ចាស់សណ្ឋាគារសិន ប៉ុន្តែមូលហេតុដែលនាងត្រូវបង្ហោះជាសាធារណៈនៅពេលនេះ ដោយសារការដោះស្រាយ មិនមានយុត្តិធម៌សម្រាប់នាង។
នាងបានសរសេរថា៖«ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបខ្ញុំណាស់ សំណងលុយ១ម៉ឺនដុល្លារនេះ ដូចជាមើ.ល.ងា.យ កិត្តិយសខ្ញុំជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺ.ចា.ប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ»៕