រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរចូលទស្សនាឡើងវិញ !

0
334

(សៀមរាប) រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី២៥ ខែមេសានេះ បន្ទាប់ពីរមណីដ្ឋានដែលសំបូរប្រាង្គប្រាសាទមួយនេះបានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវវីដ-១៩។
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះថា ការបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

ឯកឧត្តមលើកឡើងថា “ យើងនឹងចាប់ផ្តើមបើករមណីយដ្ឋានអង្គរស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវទីរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាយើង”។
ជាមួយនឹងការបើកឲ្យចូលទស្សនាឡើងវិញនេះ ឯកឧត្តម ឡុង កុសល ក៏បានអំពាវនាវដល់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ ចូលរួមអនុវត្តវិធានការ”៣កុំ ៣ការពារ” ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើចរាចរណ៍ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានបិទរមណីដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសក្នុងរយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនមានការថមថយនោះ នៅថ្ងៃទី១៧ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេអគ្គមហាសេនាបតីតេជោ បានចេញសេចក្តីសម្រេចបន្តការបិទនេះ រយ:ពេល៨ថ្ងៃបន្ថែមទៀត។

ប៉ុន្តែ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបើកឲ្យការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាបើកឡើងវិញនូវរមណីដ្ឋានទេសចរណ៍ទូទាំងប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងតំបន់នានាដែលត្រូវបន្តវិធានការបិទខ្ទប់ ដែលសម្រេចដោយរដ្ឋបាលខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here