កិច្ចប្រជុំ CAMSOC បញ្ជាក់ពីបញ្ហាពីរសំខាន់ៗ

0
126

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំលក្ខណៈចង្អៀត ដោយផ្តោតសំខាន់លើការបញ្ជាក់អំពីការរៀបចំរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នៅចុងឆ្នាំ២០២១ ថាត្រូវតែរៀបចំធ្វើ១០០% និងប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែនបានសម្រេចជាផ្លូវការអំពីអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌបិទខ្ទប់ដើម្បីបង្ការពីជំងឺកូវីដ-១៩។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំនេះ, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺការបញ្ជាក់ជាថ្មីអំពីម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ប្រទេសវៀតណាម ដោយម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១នេះ ត្រូវតែរៀបចំធ្វើ១០០% ដែលនេះគឺជាការបញ្ជាក់ជាថ្មី ក្រោយពីមានភាពស្រពេចស្រពិលអំពីការរៀបចំស៊ីហ្គេមនេះដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយទើប ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេម ឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឲ្យបណ្តាប្រទេសនីមួយៗត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមក៏បានធានាយ៉ាងច្បាស់ថាត្រូវតែធ្វើ១០០%ដូចគ្នាផងដែរ។ «ខ្ញុំបានផ្តល់ព័ត៌មានទាំងអស់នេះជូនកិច្ចប្រជុំ ដើម្បីឲ្យសហព័ន្ធកីឡាជាតិយើងបានត្រៀមខ្លួន ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេសគឺផ្តល់ជូននូវកាលបរិច្ឆេតសំខាន់ៗពីពេលនេះរហូតដល់ពេលស៊ីហ្គេម តែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធីបើក-បិទស៊ីហ្គេម ពេលណា និងលក្ខខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះ គឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១»។
ចំពោះរបៀបវារៈសំខានទី២ ត្រូវបានឯកត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន គូសបញ្ជាក់ថា ឯកឧត្តម ឈិន កេតនាប្រធានគណៈកម្មការពិធីការនៃ CAMSOC បានបង្ហាញរបាយការណ៍វឌ្ឍនភាពការងាររបស់ខ្លួនយ៉ាងលម្អិត ដោយបានរៀបចំឯកសារផ្លូវការដាក់ជូនការសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ នេះជាមោទនភាពមួយនៃគណៈកម្មការជំនាញមួយនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលផ្តល់ឲ្យយើងនូវភាពកក់ក្តៅ ច្បាស់លាស់ ប្រកបដោយក្តីសង្ឃឹម។

 អ្វីដែលពិសេសនៅថ្ងៃនេះផងដែរ គឺជាសារសំខាន់នៅថ្ងៃនេះ គឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជានៃប្រភេទកីឡានីមួយចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលពីជំងឺកូវីដ-១៩ ដោយសហព័ន្ធកីឡាជាតិណាមានកន្លែងហ្វឹកហាត់មានសុវត្ថិភាព គឺសហព័ន្ធកីឡាជាតិនោះត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជុំគ្នាឡើងវិញ ដោយសារតែការហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះនៅសល់ពេលកាន់តែតិចទៅៗ។ ជាមួយគ្នានោះ វិធានការ៣កុំ ៣ការពារ នៅតែថែរក្សា និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត និងបន្តតាមដានត្រួតពិនិត្យតាមដានសុខភាពរបស់ក្រុមជម្រើសជាតិផងដែរ។ ដូច្នេះ ស.ជ.ណរបស់រាជរដ្ឋាភិបាលកម្ពុជាតាមសំណើរសម្តេចពិជ័យសេនាប្រធាន CAMSOC បានចេញរួចហើយ ដោយចំណុចទី១បានកំណត់ការចូលរួមហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ដូចទៅនឹងបណ្តាប្រទេសនានា ក៏គេធ្វើយ៉ាងដូច្នេះដែរ។ ចំណុចទី២ គឺការប្រមូលផ្តុំត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាមានកម្លាំងពិត។ មានន័យថា កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹកជម្រើសជាតិកម្ពុជាយើងកំពុងរៀន កីឡាករ និងគ្រូបង្វឹកខ្លះធ្វើការនៅអង្គភាពរដ្ឋ ក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ និងស៊ីវិលតាមវិស័យផ្សេងៗក៏មាន ដោយពួកគាត់បានបំពេញការងាររដ្ឋបាលនៅតាមស្ថាប័នរបស់គាត់៨ម៉ោង ពោលគឺអស់ម៉ោងសម្រាប់ការងារហ្វឹកហាត់ក្នុងវិស័យកីឡា ដោយគាត់អាចបង្ហាត់បានត្រឹមតែចុងៗម៉ោងប៉ុណ្ណោះ ដោយនេះមិនគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់បច្ចេកទេសកីឡានោះទេ ពោលគឺមិនគ្រប់ដូសតាមកម្មវិធីហ្វឹកហាត់បច្ចេកទេសកីឡានោះទេ ដោយការហ្វឹកហាត់ត្រូវការ៨ម៉ោង ក្នុង១ថ្ងៃៗ។ បើការហ្វឹកហាត់៨ម៉ោងក្នុង១ថ្ងៃៗ គឺយើងត្រូវការពេលសម្រាក១២ម៉ោង។ ចំពោះកីឡាករ កីឡាការិនី ដែលរៀនរយៈពេល៨ម៉ោងក្នុង១ថ្ងៃ ដល់ពេលពួគគាត់ចូលហ្វឹកហាត់មិនអាចធ្វើទៅកើតដែរ ដូច្នេះហើយទើបយើងបានគិតគូអំពីសុខមាល ភាពរបស់ពួកគាត់ ដើម្បីបំប៉នបច្ចេកទេសឲ្យបានល្អប្រសើរ។ ដូច្នេះហើយនៅក្នុង ស.ជ.ណ បានចែងថា អ្នកណា ដែលជាមន្ត្រីរាជការ ត្រូវប្រមូលកីឡាករ កីឡាការិនី និងគ្រូបង្វឹកមកហ្វឹកហាត់តែ១មុខសិន រហូតដល់បញ្ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទើបអនុញ្ញាតឲ្យទៅបម្រើការងារនៅតាមអង្គភាពរបស់ខ្លួនវិញ។ ចំពោះប្រាក់បៀរវត្តន៍របស់ក្រុមជម្រើសជាតិទាំងនោះ ដែលជាមន្ត្រីរាជការ នៅតែរក្សាជូនដដែលទេ ហើយពេលមកហ្វឹកហាត់នេះក៏ទទួលបាន ប្រាក់ឧបត្ថម្ភហ្វឹកហាត់ទៀត ដែលនេះជាលំនាំ ដែលប្រទេសគេធ្វើម្ចាស់ផ្ទះធ្លាប់បានធ្វើរួចហើយ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។ ដូច្នេះហើយយើងជាអ្នកនៅខាងក្រោមធ្វើយ៉ាងណាប្តេជ្ញាចិត្តពុះពារធ្វើឲ្យបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here