ក្រុមអ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់បានព្រមព្រៀងគ្នា បន្តការត្រួតពិនិត្យនូវសកម្មភាពអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ សម្រាប់រយៈពេលមួយខែទៀត។ លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា៖ ឧប ករណ៍ និងការផ្ទៀងផ្ទាត់ ហើយនិងសកម្មភាពត្រួតពិនិត្យដែលយើងបានព្រមព្រៀងគ្នា នឹងបន្តសកម្មភាព ក្នុងរយៈពេលមួយខែខាងមុខទៀតដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ការបន្តរយៈពេលមួយខែនេះ កើតមានឡើងស្របពេលដែលកំពុងមានការចរចាគ្នាដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលបានកម្រិតកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការលើកលែងការដាក់ទណ្ឌកម្មមកលើប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយថ្ងៃចន្ទម្សិលមិញថា ការដកចេញនូវទណ្ឌកម្មអាមេរិកដែលបានដាក់មកលើអ៊ីរ៉ង់នៅក្រោមអតីតរដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump នោះគឺជា «កាតព្វកិច្ចសីលធម៌ និងផ្លូវច្បាប់មួយ» ហើយមិនមែនជាអ្វីសម្រាប់ប្រើប្រាស់ក្នុងការដាក់សម្ពាធទៅលើការចរចានោះទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បានប្រាប់កម្មវិធីប្រចាំសប្តាហ៍របស់បណ្តាញទូរទស្សន៍«ABC This Week» ថា៖ «ខ្ញុំគិតថា អ៊ីរ៉ង់ដឹងថា ខ្លួនត្រូវធ្វើអ្វីក្នុងការវិលត្រឡប់មករកការអនុវត្តនូវកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរនោះ។ ហើយអ្វីដែលយើងនៅមិនទាន់បានឃើញនៅឡើយនោះគឺថាតើអ៊ីរ៉ង់ មានការត្រៀមខ្លួនរួចហើយឬនៅ ហើយមានសុឆន្ទៈក្នុងការសម្រេចចិត្តធ្វើអ្វីដែលខ្លួនត្រូវធ្វើនោះឬយ៉ាងណា។ AP