ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃនេះបាន អះអាងថាបរិមាណនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងអំឡុងរយៈពេលជិត ៥ខែកន្លងទៅនេះនៅតែទទួលបានកំណើន គួរជាទីមោទនភាព។
របាយការណ៍ដែលបានផ្សព្វផ្សាយចេញបន្ទាប់ពីកិច្ចប្រជុំដែលដឹកនាំដោយលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថាការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤.១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១.១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖ ការនាំស្រូវចេញបាន ចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១.៤៩៦ តោន, ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣.៨១៣ តោន, គ្រាប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០.៥៥៩ តោន, គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨.៤៤២ តោន។
ប្រភពដដែលបានបន្តថាការនាំចេញ សណ្តែកបាយ ១១.១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨.៣៩០ តោន, ចេកស្រស់ ១៩៧.៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១.០៧៣ តោន, ផ្លែក្រូចថ្លុង ២១.១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១.២១៨ តោន, ផ្លែស្វាយស្រស់ ១៥២.០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨.០៤០ តោន, ដំណាប់ស្វាយ ១០.៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧.០០១ តោន, ដូងប្រេង ១៩,៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥.២៤៦ តោន, ម្រេច ៦.៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤.២៧៤ តោន, ម្ទេសស្រស់ ៥៦.៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧.៥០៨ តោន ។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រោមឱវាតក្រសួង ទាំងអស់បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅតាមមុខព្រួញទទួលខុសត្រូវ និងការចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្តដោយត្រូវប្រកាន់ខ្ចាប់នូវវិធានការ របស់សុខាភិបាល ៣ ការពារ និង៣កុំ ជាប់ជានិច្ច និងជំរុញការនាំចេញ៕/PC
ប្រភព រស្មីកម្ពុជា