រដ្ឋាភិបាលកោះតៃវ៉ាន់ បានស្តីបន្ទោស “អំពីភាពព្រងើយ-កន្តើយ” របស់អង្គការសុខភាពពិភពលោកចំពោះសិទ្ធិសុខភាព របស់ប្រជាជនតៃវ៉ាន់ និងចំពោះការចុះចាញ់ប្រទេសចិននៅថ្ងៃច័ន្ទ ទី២៤ ឧសភា បន្ទាប់ពីខកខានមិនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងអង្គប្រជុំ ។ កោះតៃវ៉ាន់ត្រូវបានគេដកចេញពី អង្គការពិភពលោកច្រើនដូចជា អង្គការសុខភាពពិភពលោក ដោយសារការជំទាស់របស់ប្រទេសចិនដែលចាត់ទុកកោះនេះជាខេត្តមួយរបស់ខ្លួនហើយមិនមែនជាប្រទេសមួយនោះទេ ។ កោះតៃវ៉ាន់ដោយមានការគាំទ្រខ្លាំងក្លាពីមហាអំណាចលោកខាងលិចបាននិងកំពុងជំរុញឱ្យមានសិទ្ធិចូលទៅកាន់សន្និបាតសុខភាពពិភពលោករបស់អង្គការសុខភាពពិភពលោក ដែលបានបើកធ្វើនៅថ្ងៃច័ន្ទក្នុងនាមជាអ្នកសង្កេតការណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសលោកJoseph Wu និងរដ្ឋមន្រ្តីសុខាភិបាលលោក Chen Shih-Chung រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថាពួកគេនឹងបន្តស្វែងរកការចូលរួម។ តៃវ៉ាន់បានរិះគន់ថា “ក្នុងនាមជាស្ថាប័នសុខភាពអន្តរជាតិ WHO គួរតែបម្រើដល់សុខភាពរបស់មនុស្សជាតិទាំងអស់ ហើយបាន សម្តែងការសោកស្តាយចំពោះ“ ការមិនយកចិត្តទុកដាក់របស់លេខាធិការដ្ឋាន WHO ចំពោះសិទ្ធិសុខភាពរបស់ប្រជាជន តៃវ៉ាន់ ២៣.៥ លាននាក់” ។ ចិននិយាយថាតៃវ៉ាន់អាចចូលរួមបានលុះត្រាតែតៃវ៉ាន់ជាផ្នែកមួយនៃ «ប្រទេសចិនតែមួយ» ។ កោះតៃវ៉ាន់ទទូចដល់អង្គការសុខភាពពិភពលោកឱ្យរក្សាជំហរវិជ្ជាជីវៈ និងអព្យាក្រឹតបដិសេធការជ្រៀតជ្រែកផ្នែកនយោបាយពីប្រទេសចិន និងអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមកិច្ចប្រជុំ យន្តការនិងសកម្មភាពរបស់អង្គការសុខភាពពិភពលោក ដើម្បីការពារសុខុមាលភាពមនុស្សជាតិ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹង ជំងឺ។ (Reuters)