ស្ទឹងត្រែង: ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង នៅតែនិយមចូលចិត្តទទួលទានមុខម្ហូបឈាមស្រស់ឆៅនិងឆ្អិន ដែលផ្សំឡើងពីគ្រឿងក្នុងសត្វជ្រូក ដែលមានឱជារសឆ្ងាញ់ពិសា។
មុខម្ហូបដ៏ប្លែកនេះ មានតាំងពីយូរលង់ណាស់មកហើយ ហើយប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងហៅថា”សេក”។ ចំណែកភាសាឡាវហៅថា”ស៊ិក”។
យោងតាមសៀវភៅចងក្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានបង្ហាញថា ម្ហូបឈាមដែលគេយកចេញពីក្នុងខ្លួនសត្វជ្រូកដ៏ពេញនិយម ប្រជាពលរដ្ឋចូលចិត្តទទួលទាននេះ គេនិយមធ្វើនៅពេលមានបុណ្យទានជាលក្ខណៈគ្រួសារ មិនមានច្រើននៅទូទាំងខេត្តទេ។
សព្វថ្ងៃនេះ អ្នកខេត្តស្ទឹងត្រែង ជាប់សែស្រឡាយខ្មែរឡាវមួយចំនួន ក៏មានធ្វើលក់នៅតាមភោជនីយដ្ឋានដែរ។
– រីឯគ្រឿងផ្សំវិញនោះ គឺថាសាមញ្ញធម្មតាមិនពិបាករកទេ មានដូចជា សាច់ជ្រូកសុទ្ធ គ្រឿងក្នុងជ្រូក និងឈាមជ្រូកស្រស់ គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស មើមរំដេង ស្លឹកក្រូចសើច ត្រប់ពត់ញង ជីគ្រប់មុខ ក្រូចឆ្មារ ឬក្រូចភ្លា អង្ករលីងឲ្យខ្មៅកិនឲ្យម៉ត់ ប្រហុក ប៊ីចេង អំបិល ស្ករនិងទឹកត្រី។
– របៀបធ្វើដំបូង គេយកឈាមឆៅ ដែលកកមកច្របាច់នឹងស្លឹកគ្រៃដើម្បីឲ្យឈាមកកវារាវ ហើយត្រងឈាមនោះឲ្យស្អាតទុកដោយឡែក។ យកម្ទេស ខ្ទឹមស មើមរំដេង ទៅខ្ចប់ស្លឹកចេកក្នុងផេះឲ្យឆ្អិន រួចយកមកបុកឲ្យម៉ត់។ ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ត់ រួចហើយច្របាច់ក្រូចឆ្មារឬក្រូចភ្លាឲ្យស្រពាប់បន្តិច។ ស្ងោរគ្រឿងក្នុងជ្រូកនោះឲ្យឆ្អិនរួចហាន់ស្ដើងៗ។ បន្ទាប់មកយកឈាម ដែលត្រងស្អាតហើយយកមកចាក់លាយ ច្របាច់ និងសាច់យកគ្រឿងក្នុងច្របល់ចូលជាមួយគ្នា។ រួចស្ងោរទឹកប្រហុកជាមួយនឹងអង្ករលីង ហើយត្រងដាក់ចូលសាច់ដែលច្របល់គ្នារួចហើយ ដាក់ស្ករសប៊ីចេងអំបិល។ ត្រប់ពត់ញងពុះជាពីររួចលាយច្របល់ចូលគ្នាហើយដាក់រំដេង ខ្ទឹមស ម្ទេសដែលបុកម៉ត់នោះ និងហាន់ខ្ទឹមបារាំងឬទឹមក្រហម ដាក់ចូលឆ្នាំង ឬកាធុនកូរឱ្យសព្វរួចភ្លក់មើលសាបប្រៃតាមចំណង់ចំណូលចិត្ត មុនយកទៅពិសាគេត្រូវរោយជីរគ្រប់មុខពីលើ។ ចំពោះបន្លែសម្រាប់ផ្ទាប់ជាមួយមានស្ពៃក្តោប ត្រប់វែង សណ្ដែកគួរជាដើម។
ចំណង់ចំណូលចិត្តម្ហូបប្រភេទនេះ ហូបឆៅក៏បាន ឆ្អិនក៏បាន ប៉ុន្តែបើចង់ហូបឆ្អិនត្រូវយកទៅចំអិនមួយសន្ទុះទៀត។
សូមបញ្ជាក់ថា ម្ហូបសេក ឬស៊ិកនេះ គេធ្វើបានតែសាច់ជ្រូកប៉ុណ្ណោះ៕
ប្រភព : រស្មីកម្ពុជា