ភ្នំពេញ៖ ព្រះសង្ឃ និង សិស្ស និស្សិត មួយចំនួន ដែលគង់ និងស្នាក់នៅកុដិមួយ នៃវត្តសារាវ័នតេជោ បានធ្វើតេស្តរកឃើញមាន «វិជ្ជមានកូវីដ ១៩» និងត្រូវបាននិមន្ត និងនាំយកទៅព្យាបាល ។ នេះបើយោងតាមអនុគណៈ កម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ចេញផ្សាយ កាលពីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
វត្តសារាវ័នតេជោ បានបិទខ្ទប់ជាស្ថាពរហើយ នៅវេលាម៉ោង ៩ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមការងារ និងក្រុមគ្រូពេទ្យ បានអនុវត្តយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់ បានចំនួន ២៧៥ អង្គ/នាក់ ជាលទ្ធផលរកឃើញ វិជ្ជមាន ១០ នាក់ ។
ដោយឡែក ព្រះចៅអធិការវត្ត និងមន្ត្រីសង្ឃ ២០ អង្គទៀត ត្រូវបានគេរាយការណ៍ ថា មិនទាន់បាន ធ្វើសំណាក នៅឡើយទេ ដោយសារព្រះអង្គ និមន្តទៅធ្វើបុណ្យ នៅស្រុក និងត្រូវយកសំណាក បន្តទៀត នៅពេលនិមន្ត មកដល់វត្តវិញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលចេញ ចូល និងមានទំនាក់ទំនង ជាមួយព្រះសង្ឃ និង សិស្ស និស្សិត នៅវត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅ ដាច់ដោយឡែក និង តាមដានសុខភាព រយៈពេល ១៤ ថ្ងៃ បន្ទាប់ពី បានប៉ះពាល់ ឬ ទៅកាន់តំបន់ ហានិភ័យនេះ ៕
ប្រភព : រស្មីកម្ពុជា