ភ្នំពេញ៖កីឡាវាយកូនឃ្លីលើតុជាប្រភេទកីឡាមួយក្នុងចំណោម១២ប្រភេទដែលនឹងចេញទៅហាត់នៅប្រទេសចិនរយៈពេល៣ខែ
ដើមបីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ ។
លោកស៊ុនសុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយឃ្លីលើតុកម្ពុជាមានជំនឿចិត្តថានឹងអាចដណ្តើមបានលទ្ធផលដ៏គាប់ប្រសើរ ព្រឹត្តិការណ៍ស៊ីហ្គេមលើក នេះបន្ទាប់ពីចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ខែ ខាងមុខ។
ទោះបីលោកលោកមិន ហ៊ានសន្យាថានឹងក្រុមកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជាអាចឈានដល់មេដាយ ឬយ៉ាងណាក៏ពិតមែន ប៉ុន្តែឆ្លងកាត់តាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាការខិតខំហ្វឹកហាត់ត្រៀមរបស់កីឡាករ កីឡាការិនីទាំងអស់ គឺយើងនឹងអាចទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយពីការប្រកួត ស៊ីហ្គេមលើកនេះ។
លោក បន្ថែមទៀតថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយដោយបច្ចុប្បន្នក្រុមកីឡាករកីឡាការិនិកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួនដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។
លោកអគ្គលេខាធិការបានដាក់ក្តីសង្ឃឹមខ្ពស់ថា មានតែការហ្វឹកហាត់នៅប្រទេសចិននេះទេ ដែលអាចបង្កើននូវបច្ចេកទេស កាន់តែល្អប្រសើរ ដោយសារតែការប្រកួតក្នុងស្រុក គឺក្រុមជម្រើសជាតិទាំងនោះភាគច្រើនសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់លេខ១ (មេដាយមាស)ដែលនេះគឺជាភាពដដែលៗរបស់ពួកគេ។ដូច្នេះហើយការហ្វឹកហាត់នៅចិនអំឡុងខែសីហាឆ្នាំ២០២១នេះនឹងជួបជាមួយដៃគូខ្លាំងៗនឹងជួយជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជាបង្កើនបាននូវបច្ចេកទេសល្អជាងការហ្វឹកហាត់ និងការប្រកួតក្នុងស្រុក ជាក់ជាមិនខាន។
សូមបញ្ជាក់ថាស៊ីហ្គេមនៅវៀតណាមប្រភេទកីឡាវាយកូនឃ្លីលើតុនេះមានវិញ្ញាសាសរុបចំនួន៧ក្នុងនោះមានវិញ្ញាសាផ្នែកបុរសមានឯកត្តជន, វាយគូ និងក្រុមចំនួន៣វិញ្ញាសា និងនារី៣វិញ្ញាសាដែរ គឺឯកត្តជន វាយគូ និងក្រុម និងវិញ្ញាសាចម្រុះ១វិញ្ញាសា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជាក់ថាកម្ពុជាបានត្រៀមបញ្ជូនកីឡាករកីឡាការិនីសក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទកីឡាមានចំនួន១៣៥នាក់ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាមនិងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ការហាត់នៅចិន នឹងមានទាំងការប្រកួតលក្ខណៈក្នុងស្រុកជាមួយកីឡាករ កីឡាការិនីចិន ម្យ៉ាងទៀតនៅទីនោះមានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដាទៀតផង៕