ត្រីដែលចិញ្ចឹមតាមលក្ខណៈស្តង់ដារបច្ចេកទេស មានគុណភាពជាងត្រីធម្មជាតិទៀតផង

0
678

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជាបានបញ្ជាក់ថា ត្រីដែលចិញ្ចឹមតាមលក្ខណៈស្តង់ដារបច្ចេកទេស មានគុណភាពជាងត្រីធម្មជាតិទៀតផង ដែលមិនធ្វើឱ្យប៉ះពាល់សុខភាព របស់អ្នកបរិភាគឡើយ។     លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានមានប្រសា សន៍ថា ត្រីចិញ្ចឹមបើយើងចិញ្ចឹមល្អតាមបច្ចេកទេស មានប្រភពទឹកល្អ មានកូនពូជ ចំណីល្អ ជាពិសេសបច្ចេក ទេសក្នុងព្យាបាលត្រីនៅពេលត្រីវាឈឺត្រឹមត្រូវនោះ គឺវាល្អដែលនឹងមិនធ្វើឱ្យមានការប៉ះពាល់សុខភាពរបស់ដែលទទួលទាន ។   លោកបានឱ្យដឹងថា ត្រីធម្មជាតិបើសិនជាយើងរក បានពីប្រភព ទឹកស្ទឹង ទន្លេ បឹងឆ្ងាយ ដែលមិនមានប្រឡាក់ប្រឡូកដោយសារធាតុគីមី ដែលប្រជាពលរដ្ឋ បង្ហូរពីស្រែឬចម្ការ ដែលបាញ់ថ្នាំបង្ហូរធ្លាក់ទៅ ត្រីនោះគឺឆាញ់លេខ១ ល្អណាស់ ។ផ្ទុយទៅវិញ ប្រសិនបើត្រីស្រែ ដែលយើងគិតថា ត្រីធម្មជាតិ ភាគច្រើនគឺមិនល្អនោះទេ ដោយសារតែប្រជាកសិករ ជាពិសេសនៅរដូវស្រែប្រាំង ប្រើប្រាស់ថ្នាំខ្លាំងមែនទែន ដោយប្រើថ្នាំសម្លាប់ក្តាម និងសម្លាប់សត្វល្អិតផ្សេងៗ ដែលធ្វើឱ្យត្រីនោះមានផ្ទុកនូវសារ ធាតុគីមី ។ បន្ថែមពីនោះលោកបញ្ជាក់ថា ថ្នាំបាញ់ សម្លាប់ស្មៅកុំឱ្យដុះខូចស្រូវ នៅពេលដែលយើងបាញ់ថ្នាំបែបនេះទៅ ពេលភ្លៀងមកថ្នាំធ្លាក់ទៅដីក្នុងទឹក ដែលធ្វើឱ្យទឹកនោះក្លាយជាទឹកដែលផ្ទុកគីមី ហើយត្រីដែលអាចរស់ នៅក្នុងគីមីនោះ គឺនៅក្នុងខ្លួនត្រីនោះមានជាតិគីមីហើយ ដូច្នេះពេលដែលយើងចាប់ត្រីស្រែនិងក្តាមស្រែ យកមកទទួលទានគឺមានផ្ទុក ទៅដោយសារធាតុដែលយើងមិនអាចមើលឃើញ ។

សំឡេង « ប៉ុន្តែបើត្រីដែលយើងចិញ្ចឹម មានទឹកដែលល្អ ទឹកស្ទឹងល្អ ទឹកដែលគ្មានការបង្ហូរជាតិគីមីសារធាតុផ្សេងៗ ដែលប៉ះពាល់សុខភាពចូលមកក្នុងស្រះនោះ ទឹកល្អ ចំណីល្អ គឺត្រីនោះល្អជាងធម្មជាតិផង ដោយសារប្រជាពលរដ្ឋភាគច្រើន គាត់ចិញ្ចឹមត្រីរើសផងដែរ ត្រូវរើសចំណីដែលមានគុណភាពល្អ ចំណីដែលមានក្រុមហ៊ុនឈ្មោះល្បី ដែលធ្វើនៅក្នុងប្រទេសជិតខាងយើងមែន ប៉ុន្តែចំណីអស់នោះសុទ្ធសឹងតែជាចំណីដែលល្អក្នុងលោក ដែលគេវិនិយោគនៅប្រទេសជិតខាង » ។       លោកសុខ រ៉ាដែន បានបញ្ជាក់ថា ចំពោះត្រីដែលនាំចូលពីប្រទេសជិតខាង ជួនកាលមានភាពខុសគ្នាផងដែរ ដែលគេប្រើបច្ចេកទេស ខុសពីយើង ការចិញ្ចឹមមានលក្ខណៈខ្ពស់ ជឿនលឿន ដូច្នេះយើងមិនដឹងប្រភពនោះទេ។ បន្ថែមពីនោះទៀត សម្រាប់ត្រីដែលនាំចូល មិនទាន់មានការពិនិត្យគុណភាពត្រីនៅកន្លែងដែលគេផលិតនោះទេ ដូច្នេះមិនដឹងថា គេឱ្យស៊ីអ្វី គេដាក់សារធាតុអី ហើយជួនកាលគេអាចប្រើថ្នាំផ្សះឬថ្នាំអ្វីផ្សេងហួសហេតុទៀតផង ។    យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល ពីឆ្នាំ ២០២០ ផលវារីវប្បកម្មនៅកម្ពុជាមានចំនួន ៤០០ ៤០០ តោន កើន ៣០,២៥ ភាគរយពីចំនួន ៣០៧ ៤០៨ តោនកាលពីឆ្នាំ ២០១៩៕

ប្រភព : ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here