អ្នកប្រដាល់ហ្វីលីពីនមែននី ប៉ាកគីអៅ បាននិយាយកាលពីថ្ងៃសុក្រទី២១ឧសភាថា រូបគេនឹងប្រកួតជាមួយអ្នកប្រដាល់មិនស្គាល់ពាក្យចាញ់ អេរ៉ូ ស្ពេនជាម្ចាស់ខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់មធ្យម (Welterweight គឺ ៧១-៧៧គីឡូក្រាម) នៅទីក្រុងឡាសវេហ្គានៅខែសីហា។
វីរបុរសប្រដាល់វ័យ៤២ឆ្នាំរូបនេះនឹងត្រូវប្រយុទ្ធលើកដំបូងចាប់តាំងពីរូបគេបានផ្តួលអ្នកប្រដាល់ ខេត ធួម៉ាន់ កាលពីខែកក្កដាឆ្នាំ ២០១៩ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមក្របខ័ណ្ឌ WBA ។
ប៉ាកគីអៅបានលាតត្រដាងពីផែនការប្រកួតនេះជាមួយសារបង្ហោះលើបណ្តាញសង្គម Twitter នៃផ្ទាំងរូបភាពផ្សព្វផ្សាយដែលមានចំណងជើងថា “ប៉ាកគីអៅប៉ះស្ពេនថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២១ ឡាសវេហ្គាស រដ្ឋណេវ៉ាដា”។
វេបសាយ The Athletic បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ ដោយនិយាយថា ប៉ាកគីអៅបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការប្រកួត ដែលផ្សាយលើប៉ុស្តិ៍ Fox ហើយកន្លែងប្រកួតគឺរំពឹងធ្វើនៅសង្វៀន MGM Grand ។
ប៉ុន្តែប៉ាកគីអៅបានប្រាប់វេបសាយ The Athletic ក្នុងបទសម្ភាសន៍ពីប្រទេសហ្វីលីពីនថា រូបគេសង្ឃឹមការប្រកួតនឹងត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Allegiant ដែលជាកីឡដ្ឋានរបស់ក្រុមបាល់បោះ Las Vegas Raiders មានកៅអី ៧០.០០០ ៕
ប្រភព រស្មីកម្ពុជា