រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង

0
468

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើង នៅមូលដ្ឋានខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកទីតាំងចំនួន២០ ក្នុងសង្កាត់ចំនួន២១ នៃខណ្ឌទាំង៣ គឺខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក-កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋដទៃ និងដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួម អនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១» នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗនាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here