ខេត្តកំពង់ស្ពឺ ៖ ករណីសន្តិសុខផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មេងស្រីម្នាក់លក់ព្រីង បណ្ដាលឲ្យកំពប់ទៅលើដីកាលពីថ្ងៃទី១៩ ខែឧសភានោះ ការពិតគឺជាលោក ឡាក់ ប៊ុនធីម នាយករងរដ្ឋបាលសាលាក្រុងច្បារមន ត្រូវបានលោកអភិបាលក្រុងច្បារមន សម្រេចបញ្ចប់តួនាទីភារកិច្ច នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២១នេះហើយ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា «នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ច ទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ ។ ក្នុងន័យនេះ ខ្ញុំក៏សូមអំពាវនាវយ៉ាងទទូច ដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណា យើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយភាពអាណាធិបតេយ្យរបស់បងប្អូនយើងមួយចំនួនតូច ។ សូមអរគុណ!» ។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ក្មេងស្រីក្រីក្រ សុំមិនបញ្ចេញឈ្មោះ រស់នៅក្រុងច្បារមន បានយកព្រីងនិងខ្នុរ ទៅលក់នៅក្រៅបរិវេណផ្សារកំពង់ស្ពឺ គាប់ជួនក្រុមសន្តិសុខមកដេញអោយទៅលក់នៅកន្លែងថ្មី តែនាងរៀបចំមិនទាន់ធ្វើអោយ សន្តិសុខខឹងក៏ទាត់ថាសព្រីង និងខ្នុរបណ្តាលអោយកំពប់អស់ ត្រូវបានមហាជនថត ហើយយកមកបង្ហោះសុំអន្តរាគមន៍ ចំពោះអំពើអសីលធម៌របស់សន្តិសុខផ្សារ ដែលធ្វើដាក់ក្មេងស្រីរងគ្រោះ ។
ករណីនេះ ក៏មានការរិះគន់ផងដែរទៅលើក្រុមសន្តិសុខថា «បេះដូងក្រុមសណ្តាប់ធ្នាប់នៅផ្សារកំពង់ស្ពឺដែលទៅទាត់ថាស លក់ផ្លែឈើរបស់ប្អូនស្រីដែលគាត់លក់បន្តិចបន្តួច ដើម្បីរស់ចោលបែបនេះ តើបេះដូងក្រុមមនុស្សទាំងនោះសាងមកពីអ្វី ហេតុអ្វីបានជាមានចិត្ត និងបេះដូងឃោរឃៅខ្មៅយ៉ាងនេះទៅវិញ ៕