កណ្តាល:ករណីពុលស្រាស្លាប់១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលបានបញ្ជាក់ថា គឺដោយសារស្រាស ឬស្រាថ្នាំ ដែលជនរងគ្រោះពិសាមានសារជាតិមេតាណុលខ្ពស់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះបានឱ្យដឹងថា លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភាបង្ហាញថា មន្ទីរពិសោធន៍ទទួលបាន សំណាកស្រា២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាកដែលមានសារធាតុមេតាណុល (Meliari) លើស កម្រិតធំជាង០,៥ភាគរយ( >០,៥ភាគរយ ) មានចំនួន២០សំណាក ដែលធ្វើឱ្យពុលដែលកម្រិតមិនពុលនោះ មិនត្រូវលើសពី០,១ភាគរយ ឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់នៅភូមិទាំងពីរខាងលើ បានកើតឡើង ដោយសារពួកគាត់បានពិសាស្រាស ឬ ស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់។
ក្រសួងសុខភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំដែលផលិតដោយ មិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយកមេតាណុលមកលាយ ( ហាមដាច់ខាត)។បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពទៅជាឈឺ ឬអាចបាត់បង់ជីវិត។ប្រសិនបើបងប្អូន មានបញ្ហាសុខភាព ឬជំងឺសូម ប្រញាប់ទៅកាន់ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ៕
ប្រភព : រស្មីកម្ពុជា