
ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនដ៏ធំមួយដែលបានវាយប្រហារ មកលើប្រទេសឥណ្ឌាបានកើនឡើងដល់ ៨៧ នាក់ហើយកាលពីថ្ងៃពុធ ទី១៩ ឧសភា នៅពេលដែលកងទ័ពជើងទឹកបានស្វែងរកមនុស្សចំនួន ៦៥ នាក់ដែលនៅតែបាត់ខ្លួនក្នុងពេលប្រទេសនេះទទួលរងនូវកំណត់ត្រាស្លាប់ដោយកូវីដ-១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ ព្យុះស៊ីក្លូន Tauktae ដែលបានបោកបក់នៅតាមឆ្នេរសមុទ្រភាគខាងលិចកាលពីល្ងាចថ្ងៃច័ន្ទ និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញគឺជាព្យុះចុងក្រោយបង្អស់នៅក្នុងអ្វីដែលអ្នកជំនាញនិយាយថាចំនួនព្យុះដែលកំពុងកើនឡើងនៅសមុទ្រអារ៉ាប់ ដោយ សារតែការប្រែប្រួលអាកាសធាតុធ្វើឱ្យទឹកសមុទ្រឡើងកំដៅ ។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធ ថានាវារបស់កងទ័ពជើងទឹកបានជួយ សង្គ្រោះមនុស្សជាង ៦០០ នាក់បន្ទាប់ពីមានរលករហូតដល់ ៨ ម៉ែត្រដែលបានបោកបក់ទៅប៉ះទីតាំងបូមប្រេងឯនាយសមុទ្រ។ ប៉ុន្តែសាកសព ២២ នាក់ក៏ត្រូវបានរកឃើញផងដែរ ខណៈដែលយន្តហោះនិងឧទ្ធម្ភាគចក្រកំពុងស្វែងរកកម្មករចំនួន ៦៥ នាក់ដែលបាត់ខ្លួនពីនាវាជំនួយមួយក្នុងចំណោមនាវាជាច្រើន ដែលបានក្រឡាប់នៅក្នុងព្យុះនិងបានលិច។ លោក M.K.Jha ប្រធានបញ្ជាការកងទ័ពជើងទឹកខាងលិចបាននិយាយថា រលកសមុទ្រធំៗណាស់មិនអាចឲ្យពួកគេបណ្តែតខ្លួនដើម្បីរួចជីវិតបានទេ ៕