ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី

0
461

ភ្នំពេញៈដោយសារអាយុកាល ការប្រែប្រួលនៃធម្មជាតិ រួមផ្សំនឹងកត្តាផ្សេងៗទៀត បានធ្វើឱ្យប្រាសាទដ៏អស្ចារ្យមួយ នេះទទួលរងនូវការខូចខាតនិងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ដើម្បីសង្រ្គោះប្រាសាទនេះឱ្យរួចផុតពីគ្រោះថ្នាក់អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទល់ទ្រនៅតាមបណ្តាចំណុចខូចខាតដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនកន្លែងរួចមកហើយ។

បច្ចុប្បន្ននេះក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងបន្តធ្វើការជួសជុលផ្លូវចូលពីខាងកើតដែលក្រាលដោយថ្មបាយក្រៀម ចន្លោះខ្លោងងទ្វារទី៣និងទី៤មានសភាពទ្រុឌទ្រោមខ្លាំង ។

បើតាមការបញ្ជាក់របស់លោក សារ៉ាយ គឹមហួលជាមន្រ្តីបច្ចេកទេសនិងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្ស ប្រាសាទបន្ទាយស្រីបានឱ្យដឹងថា៖ ផ្លូវចូលប្រាសាទពីខាងកើតនេះមានប្រវែង៥៧ម៉ែត្រ ទទឹង៣,៣ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម។

ការជួសជុលនេះគឺយើងធ្វើទៅតាមបច្ចេកទេសបុរាណទាំងអស់។ ចំពោះថ្មដែលបាត់បង់ បែកបាក់ និងពុកផុយ ក្រុមការងារមិនបានប្រើប្រាស់ថ្មបាយក្រៀមថ្មីមកជំនួសទេ គឺប្រើប្រាស់កំបោរបាយអរពិសេសម្យ៉ាង ដែលផ្សំឡើងតាមរបៀបបុរាណរួមមាន កំបោរលៀស ម្សៅឥដ្ឋ ម្សៅថ្មបាយក្រៀមហ្មត់ ម្សៅថ្មបាយក្រៀមគ្រើម ខ្សាច់ និងស្ករត្នោត មកបំពេញជំនួសថ្មបាយក្រៀមដែលបានបាត់ឬខូច ធ្វើយ៉ាងណាឱ្យមានលក្ខណៈស្រដៀងថ្មបាយក្រៀម។ មកដល់ពេលនេះក្រុមការងារបានធ្វើការជួសជុលបានជិត៥០% ភាគរយហើយ។

គួរបញ្ជាក់ដែរថា ប្រាសាទបន្ទាយស្រីដែលមានឈ្មោះដើម ស្រីត្រិភុវនមហេស្វរៈនេះត្រូវបានចាប់ផ្តើមសាងឡើងដោយ ព្រះរាជគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះថា យជ្ញវរហ នាអំឡុងសតវត្សរ៍ទី១០ក្រោមរជ្ជកាលរបស់ព្រះបាទរាជឥន្រ្ទវរ្ម័នទី២ (រវាង គ.ស. ឆ្នាំ៩៤៤ដល់៩៦៨) និងកសាងរួចរាល់ជាស្ថាពរនៅក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.សឆ្នាំ៩៦៨-១០០១)ដើម្បីឧទ្ទិសដល់ព្រះសិវៈ៕
(អត្ថបទនិងរូបអាជ្ញាធរជាតិអប្សរា)

LEAVE A REPLY

Please enter your comment!
Please enter your name here