កម្មករនិយោជិត១៤០នាក់ហើយ នៅរោងចក្រចំនួន១១នៅក្នុងខេត្តកំពង់ស្ពឺ បានរកឃើញឆ្លងកូវីដ-១៩

0
398

កំពង់ស្ពឺ៖ និយោជក និងកម្មករនិយោជិតប្រមាណជា ១៤០នាក់ នៅក្នុងរោងចក្រចំនួន ១១ នៅក្នុងខេត្តកំពង់ស្ពឺត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ពីសហគមន៍២០កុម្ភៈ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ រវាងស្ថាប័ន-មន្ទីរពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ករណីឆ្លងរាលដាលនៅតាមរោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺមានចំនួន ១១ទីតាំង ក្នុងនោះមានរោងចក្រ វ៉ាសាន់, ហ៊ីរ៉ូតា, សាប្រ៊ីណា, ឆាយណាសូហ៊េនបេក, ហ្វាសមេកឃីង, យីគ័ងអ៊ីនធើណាសិនណល, សេរីខេមបូឌា, ហ្គាថា, អ៊ីនធើណាសិនណល, វេនធូរ៉ាលេឌើវេរ, ស៊ីគ្លូខេមបូឌា និងរោងចក្រ ឆាយណាកាងធៀស្ទីល ឯ.ក។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ទន្ទឹមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩លើរោងចក្រ សហគ្រាស មានរោងចក្រមួយដែលមានបញ្ហាប្រឈមខ្លាំងគឺ រោងចក្រ វ៉ាសាន់ ដែលគិតរហូតមកទល់ថ្ងៃនេះមាននិយោជក កម្មករនិយោជិត បានទៅយកសំណាកចំនួន ៤៩៣នាក់ លើនិយោជក កម្មករនិយោជិតសរុប ៣៦៤៦នាក់។ ក្នុងនោះក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩រហូតដល់ ១២៤នាក់ ដែលនេះជាតួលេខខ្ពស់បំផុតលើរោងចក្រ សហគ្រាសទាំង ១១ទីតាំងខាងលើ។
ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់គ្រប់ស្ថាប័ន មន្ទីរពាក់ពន្ធ័ និងស្រុក-ក្រុង ត្រូវបន្តអនុវត្តផ្សព្វផ្សាយវិធានការ ៣កុំ ៣ការពារ។ នៅគ្រប់បណ្តារោងចក្រ សហគ្រាស ត្រូវតែរៀបចំឱ្យមានបំពង់បាញ់សម្លាប់មេរោគ កន្លែងលាងដៃ (សាប៊ូ ជែល និងអាល់កុល)។ ចំណែកតាមផ្សារកញ្ជ្រែង និងទីប្រជុំជន ត្រូវរៀបចំឱ្យក្លាយជាផ្សារសុវត្ថិភាព អ្នកលក់និងអ្នកលក់ អ្នកលក់និងអ្នកទិញ ត្រូវតែមានគម្លាត និងពាក់ម៉ាសជាប្រចាំ។ មួយវិញទៀតរមណីយដ្ឋាន ភោជនីយដ្ឋាន តៀមកាហ្វេ ទាំងអស់ក៏ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវផងដែរ។
ជាមួយគ្នានោះផងដែរ លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ស្ពឺ គិតរហូតមកទល់ថ្ងៃនេះ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣៣៤នាក់(ស្រី២៤២នាក់) ជាសះស្បើយ ៤២នាក់ ស្លាប់៩នាក់ ករណីឡប់ឡើងវិញចំនួន ១នាក់ ផ្ទេរទៅព្យាបាលនៅភ្នំពេញចំនួន ៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៧៧នាក់។ ក្នុងនោះក៏មានអ្នកពាក់ពន្ធ័ចំនួន ១១៨៣នាក់ ផងដែរ ដែលកំពុងបន្តធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចំនួន ១៧កន្លែង ក្រោមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here