ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានតែងតាំងគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជាចំនួន២រូបគឺលោក ភា សុភ័ក្រ្តា និងលោក អ៊ុក សុធី កាលថ្មីៗនេះ ក្រោមការដឹកនាំពីគ្រូបង្គោលថ្មីជាជនជាតិជប៉ុន លោក RYU HIROSE និងលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមប្រកួតជម្រុះ៣ប្រកួតចុងក្រោយវគ្គជម្រុះជុំទី២ពូលCនៃព្រឹត្តិការណ៍បាល់ទាត់ពិភព
លោក (FIFA World Cup Qatar 2022)។
ចាប់ពីពាក់កណ្តាលឆ្នាំ២០២១តទៅ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវចូលរួម៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar2022វគ្គជម្រុះជុំទី២ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែននាថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១,បន្តជួបជាមួយក្រុមជម្រើសជាតិ
អ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងមួយប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ក្រុមជម្រើសជាតិកម្ពុជា ឈុតអាយុក្រោម២២ឆ្នាំនឹងត្រូវ ចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
សហព័ន្ធបានប្រកាសតែងតាំងសមាសភាពគ្រូបង្វឹក អ្នកចាត់ការទូទៅ និងគ្រូជំនួយ២រូប សរុបទើបនឹងបាន៤រូបប៉ុណ្ណោះ ខណៈសមាសភាពក្រុមកីឡាករ មិនទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយទេព្រោះការការប្រកួតលីគកំពូលកម្ពុជាទើបនឹងចាប់ផ្តើមឡើងវិញ កាលពីចុងសប្តាហ៍នេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបានផ្អាកអស់រយៈពេលជាច្រើនសប្តាហ៍។
លោកកែវសារ៉េតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានគូសបញ្ជាក់ថាសម្រាប់ការជ្រើសរើសសមាសភាពកីឡាករ
ក្រុមជម្រើសជាតិកំពុងត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ជាបណ្តើរៗហើយ ក្រោមការសង្កេតនិងជ្រើសរើសពីគ្រូបង្គោលថ្មី លោក RYU HIROSE ដែលជំនួសដំណែងគ្រូបង្គោលជនជាតិអាហ្សង់ទីន លោក Felix G. Dalmas ដែលផុតកិច្ចសន្យា។
លោកអះអាងថា តាមពិតបញ្ជីឈ្មោះក្រុមជម្រើសជាតិអាចនឹងមានហើយ ប៉ុន្តែមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយ ដោយរង់ចាំមើលនាថ្ងៃទី២៦ទី២៧ខែឧសភាឆ្នាំ២០២១ដែលគឺជាវិធីសាស្ត្ររបស់គ្រូបង្គោលដើម្បីទុកពេលឲ្យកីឡាករបានខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាជាមុនសិន។
ព្រោះ ប្រសិនបើកីឡាករណាដឹងថាខ្លួនជាប់ជាកីឡាករជម្រើសជាតិអាចបែរទៅជាទម្លាក់ការខិតខំ ក្នុងការប្រកួតលីគកំពូល ដែលកំពុងដំណើរឡើងវិញ។ លោកមានជំនឿចិត្តថា បញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិមានរួចហើយ ប៉ុន្តែរង់ចាំការបញ្ចេញជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ»។
លោកអគ្គលេខាធិការរូបនេះបន្ដថា សម្រាប់សមាសភាពគ្រូជំនួន២រូបខាងលើនេះ គឺសហព័ន្ធបានប្រកាសជាផ្លូវការហើយ ក្នុងការមកជួយដល់ការហ្វឹកហាត់-ប្រកួតក្រុមជម្រើសជាតិ ប៉ុន្តែគ្រូជំនួយទាំងពីរូបនេះអាចមានភាពខុសគ្នា ដោយសារលោក អ៊ុក សុធី ជាគ្រូជំនួយថ្មីនៃក្រុមការងារជម្រើសជាតិ ដោយរង់ចាំមើលការងាររបស់គាត់បន្ថែម ប្រសិនបើកិច្ចការរបស់គាត់ល្អ ពេលចេញទៅជួបប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន សហព័ន្ធនឹងអាចបន្តកិច្ចសន្យាបានយូរបន្ថែមទៀត។ ចំពោះគ្រូជំនួយ លោក ភា សុភ័ក្ត្រា គឺជាគ្រូជំនួសចាស់ ដែលបន្តកិច្ចសន្យាថ្មី លោកលោកមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិ៕