រាជធានីភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បាន ឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ស្អែកទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឲ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ បើមានក៏មានតួចតិចបំផុត ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាបន្តបន្ទាប់។
លោក កេីត ឆែ បានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយមួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភាខាងមុខ ដេីម្បីសម្រេចឲ្យបើកដំណើរការឡើងវិញ ជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់ និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឲ្យមានការគោរតាមវិធានសុខាភិបាល។ លោកបន្តថា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និងតំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច។ វិធានការនេះ បានជួយឲ្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ បានថយចុះជាបន្តបន្ទាប់៕