អ្នកស្រី អួង កន់ធួក ត្រូវបានចាត់ទុកជានារីដ៏ឆ្នេីមមួយរូប ជាអ្នកដឹកនាំរឿងវ័យក្មេង ដែលបានកសាងកិត្តិនាមរបស់ខ្លួននៅក្នុងយុគសម័យមាសនៃភាពយន្តខ្មែរទាំងក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ។ នៅក្នុងអតីតកាលដ៏រុងរឿងនោះ អាចជារឿងដ៏កម្រមួយសម្រាប់ស្ត្រីចូលប្រឡូកក្នុងតួនាទីនេះ ដែលយេីងមេីលឃេីញថាពុំសូវជាមានអ្នកដឹកនាំរឿងស្រី នៅក្នុងវិស័យនេះសោះឡេីយ កុំថាឡេីយភាពយន្តបេីទោះបីជាអ្នកនិពន្ធទំនុកច្រៀងចម្រៀង ឬប្រលោមលោកក៏ពុំសូវសម្បូរបែបដូចបុរសដែរ។ យ៉ាងណាមិញ ខ្សែភាពយន្តរបស់នាងនៅតែមានភាពលេចធ្លោគួរជាទីមោទនភាព មិនចាញ់ស្នាដៃផលិតករដទៃឡេីយ និងទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងសន្ធឹកសន្ធាប់ផងដែរ។
ភាពយន្តដែលអ្នកស្រីបានដឹកនាំគឺ សុទ្ធសឹងជាភាពយន្តដែលមានលក្ខណ:ជាសម័យនិយម ជាទិដ្ឋភាពដែលបង្ហាញពីការពិតក្នុងឆាកជីវិត មិនមានភាពប្រតិដ្ឋជ្រុលហួសហេតុខុសតថភាពសង្គមឡេីយ ហេីយច្រេីនជាសោដនាដកម្មនៃជីវិត ដូចជាជីវិតស្នេហាត្រីកោណ ជាដេីម។ មួយវិញទៀត ភាពយន្តរបស់នាងគឺមិននិយមដូចភាពយន្តដទៃដែលចូលចិត្តប្រេីតារាសំណេីចកំប្លែងមកបំប្លែងសាច់រឿងឱ្យមានភាពសេីចសប្បាយជ្រុលហួសហេតុឡេីយ ក៏មិនបង្កប់អំពេីហិង្សាដែលសាហាវយង់ឃ្នងពេកមកបញ្ចូលក្នុងសាច់រឿងឡេីយ។ ជាក់ស្ដែងភាពយន្តរបស់អ្នកស្រី ដែលបាននៅបន្សល់មកដល់សព្វថ្ងៃនោះរួមមានរឿង ពេលដែលត្រូវយំ, មួយម៉ឺនអាល័យ, និងរឿងថាវរីមាសបង ជាដេីម ដែលសុទ្ធសឹងជាខ្សែភាពយន្តដែលបានសម្រិតសម្រាំងយ៉ាងប្រណិត ដែលពួកយេីងនៅតែអាចចូលមេីលបានតាមការបង្ហោះនៅតាមបណ្ដាញសង្គមនានា៕
(ដង់ស្រង់ និងកែសម្រួល ចេញពីសៀវភៅ កន្លះសតវត្សរ៍កន្លងទៅ របស់អ្នកនិពន្ធ ហ៊ុយ វឌ្ឍនា ត្រង់ទំព័រ ១២១, ១២២, និង១២៣)