នាយកដ្ឋានជលសាស្ដ្រ ជួសជុលទប់ច្រាំងទន្លេបាន២៥ភាគរយហើយ នៅភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ

0
55

ត្បូងឃ្មុំ: ប្រជាពលរដ្ឋនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សប្បាយរីករាយ ខណ:នាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧត្តុនិយម បានទប់ច្រាំងទន្លេ កុំឲ្យបាក់ស្រុតចូលទៅក្នុងទឹកទន្លេ ដោយនាំទាំងលំនៅដ្ឋានរបស់ពួកគាត់ទៅជាមួយទៀត ជាលទ្ធផលនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន២៥ភាគរយហើយ ។

  ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេមេគង្គ ក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំបានឲ្យដឹងថា កាលពីដើម ខែមករា ឆ្នាំ ២០២៣មានការ ការបាក់ស្រុត ច្រាំងទន្លេចូលទៅក្នុងទឹកទន្លេ មកជិតដល់ផ្ទះរបស់គាត់ ពួកគាត់មានការភិតភ័យក៏ធ្វើការរុះរើផ្ទះ ដោយមានកម្លាំងនគរបាលស្រុក និងស្នងការខេត្តត្បូងឃ្មុំ បានសហការជួយរុះរើសង្គ្រោះផ្ទះរបស់គាត់ចេញពីគ្រោះធម្មជាតិមួយនេះ ។

  ប្រជាពលរដ្ឋបន្តថា នៅពេលនេះមានកម្លាំងគ្រប់គ្រងគ្រោះមហន្តរាយ មកជួសជុលទប់ច្រាំងទន្លេឡើងវិញបែបនេះ ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ។ នៅពេលគេទប់ច្រាំងទន្លេនេះរួចហើយ ពួកគាត់នឹងជញ្ជូនឈើផ្ទះរបស់គាត់ មកសាងសង់នៅលើជើងសសរផ្ទះចាស់របស់គាត់វិញហើយ ពួកគាត់មានដីសង់លំនៅដ្ឋានសម្រាប់រស់នៅវិញហើយ ។

   លោក ទួន ឆៃលឹម មេឃុំជីរោទិ៍ទី១ បានបញ្ជាក់ឲ្យដឹងថា ច្រាំងទន្លេក្នុងភូមិរការធំនេះ ធ្លាប់បាក់ស្រុតចំនួន៣ដងរួចមកហើយ បច្ចុប្បន្ន អាជ្ញាធរ ឃុំ ស្រុក មន្ទីរជំនាញ ក្រសួងធនធានទឹក និងឧត្តុនិយម  បានសហការ ជួសជុលដោយដាក់ថង់បាវខ្សាច់ទប់កុំឲ្យមានការបាក់ស្រុតជាបន្តទៀត ជាលទ្ធផលធ្វើបាន២៥ភាគរយហើយ ។

  ក្រុមបច្ចេកទេសទប់ច្រាំងទន្លេបានឲ្យដឹងថា គម្រោងទប់ច្រាំងទន្លេនៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេលនេះ មានប្រវែង ២៧០ ម៉ែត្រ ហើយអាចជួសជុលរួចនៅចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ ជាស្ថាពរ ៕ 

អាចារ្យលាក់ ១.២.២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here