ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ» ក្រោយផ្ទុះការឆ្លងយ៉ាងគំហុក នៅតាមពន្ធនាគារ

0
94

(បាងកក)៖ នេះជាលើកដំបូងបំផុតហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដោយ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក៏បានរាយការណ៍ពីអ្នកជំងឺ ២៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលដូចគ្នាផងដែរ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦១៤នាក់ និងជាសះស្បើយវិញជាង ៦៧,០០០នាក់។

គួរបញ្ជាក់ថា ពេលនេះប្រទេសថៃកំពុងតែស្ថិតនៅក្នុង ដំណាក់កាលទប់ទល់រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វ៉ាក់សាំងបង្ការ COVID-19 សរុប ២.២លានដូសហើយត្រូវបានចាក់ជូនប្រជាជន។ វ៉ាក់សាំងដែលប្រទេសថៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ AstraZeneca និង Sinovac ខណៈវ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើផ្សេងទៀត គឺមិនទាន់ត្រូវបានបញ្ជូនមកដល់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here