ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណិត្តិទី៣ ដើម្បីត្រូតពិនិត្យសកម្មភាពការងាររីកចម្រើនរបស់រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ 

0
25

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណិត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

  នាឱកាសនោះ លោក ផាន់ គឹមសន នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម២៣លើ២៣សម្លេង ។

  ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ។

  ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរចំពោះគណះអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ ។

  នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏វាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការដែល រដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ ។

  ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សំដៅរួមចំណែកអភិវឌ្ឍមូលដ្ឋានឃុំ/សង្កាត់  និងប្រទេសជាតិឲ្យមានការរីកចម្រើន សម្បូរសប្បាយរុងរឿងជានិរន្តរ៍ ។

  ជាមួយគ្នានោះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានប្រកាសតែងតាំងលោក សាំង សែន ជាប្រធានការិយាល័យប្រជាពលរដ្ឋថ្មី នៃរដ្ឋបាលសាលាខេត្តផងដែរ ។ 

ក្នុងនោះ មានរបៀបវារៈចំនួន០៧ បានលើកមកយកពិនិត្យ ពិភាក្សានិងអនុម័តរួមមាន៖ ១.សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២.សេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ៣.សេចក្ដីព្រាងរបាយការណ៍បូកសរុប ស្ដីពីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុង/ស្រុក ប្រចាំឆ្នាំ២០២២ ៤.សេចក្ដីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ៥.សេចក្ដីព្រាងលើសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៣ -២០២៥ របស់រដ្ឋបាលខេត្ត ៦.សេចក្ដីព្រាងលើប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឆ្នាំ២០២៤ -២០២៦ ៧.បញ្ហាផ្សេងៗ ៕

សាន វិឡែម ១៣.១.២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here