រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំបូកសរុបរបាយការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ និងបន្តចាក់ដូសទី ៦ ដូសជំរុញ ដល់ពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ 

0
23

ត្បូងឃ្មុំៈ រសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តត្បូងឃ្មុំ នៅសល់ប្រជុំ (ក) សារខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក-លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អជ្ញាធរក្រុង/ស្រុកទាំង ៧ អ្នកសម្របសម្រួលការងារចំពោះកិច្ចវ៉ាក់សាំង និងអ្នកពាក់ព័ន្ធផងដែរ ។

  ថ្លែងនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏លើកឡើងថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចបានស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងជនបរទេស ជាពិសេសកុមារ ដែលរស់នៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការណ៍គណបក្សនយោបាយណានោះឡើយ ។

  ឯកឧត្តមអភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ បន្តថា ជាក់ស្ដែងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្រុមគ្រូពេទ្យទាំងរដ្ឋ ទាំងឯកជន អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ក្រុមអ្នកមានប្រព័ន្ធការពារខ្សោយ ឬមនុស្សវ័យ ៦០ឆ្នាំផងដែរ។ ការផ្តល់នេះ ដើម្បីធានាពីភាពស៊ាំក្នុងសហគមន៍ និងពុំមានពលរដ្ឋណាម្នាក់រងគ្រោះដោយសារជំងឺមួយនេះ ។

  ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានគូសបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សា រួមគ្នានៅរបាយការណ៍បូកសរុប ពីក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាននេះ គឺជាការបោះជំហ៊ានទៅមុខរបស់ខេត្តត្បូងឃ្មុំ ដោយមានមន្ទីរសុខាភិបាលបានយកចិត្តទុកដាក់លើការងារផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ ការកាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩ ។

  សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពតាមសុខនានាក្នុងខេត្ត និងនៅមន្ទីរមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ផងដែរ ៕

អាចារ្យលាក់ ១២.១.២០២៣


LEAVE A REPLY

Please enter your comment!
Please enter your name here