យុទ្ធនាការចាក់វ៉ាក់សាំងដូស ទី២ នៅតំបន់ក្រហមនឹងចាប់ ផ្តើមនៅថ្ងៃនេះខណៈការចាក់ដូសទី១ នៅបន្តផងដែរ

0
189

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញរយៈពេល ១៥ថ្ងៃ បានសម្រេចស្ទើរតែទាំងស្រុងហើយនៅសល់បន្តិចបន្តួចប៉ុណ្ណោះ ហើយយុទ្ធនាការចាក់ដូសទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះហើយ។
ឈរលើស្មារតី និងការគិតគូរខ្ពស់ក្នុងការធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ទទួលបានវ៉ាក់សាំង ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី០១ ខែឧសភា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ រយៈ ពេល១៥ថ្ងៃនេះ ការចាក់វ៉ាក់សាំងសរុបបានជាង ៦៥ម៉ឺននាក់។ តំបន់ក្រហម គឺជាតំបន់មួយមានភាពស្មុគស្មាញ និងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ តែស្មារតី និងឆន្ទៈសម្រេចបទបញ្ជាសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមការងារចាក់វ៉ាក់សាំងដែលសុទ្ធសឹងជាកងទ័ពបានប្រឹង ប្រែងជម្នះរាល់ការលំបាកទាំងឡាយក្នុងយុទ្ធនាការដ៏ចាំបាច់នេះ។ក្នុងប្រតិបត្តិការ នេះ បានប្រើកម្លាំងកងទ័ពសរុប ៣,៤៤២នាក់ មកពី ៣១អង្គភាព។ក្នុងកិច្ចប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងដូសទី១ និងរៀបចំផែនការសម្រាប់ការចាក់ដូសទី២ ដែលធ្វើឡើងនៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានការជជែកគ្នាជាច្រើនលើបញ្ហា និងឧបសគ្គមួយចំនួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការដាក់ចេញផែនការកែលំអរ ដើម្បីឱ្យការចាក់ដូសទី២ មានភាពល្អប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី១ នេះ បានជួបបញ្ហាមួយចំនួនដូចជាការរក្សាសណ្តាប់ធ្នាប់ និងការចែកប័ណ្ណព័ត៌មានចាក់វ៉ាក់សាំងជាដើម។ តែបញ្ហានេះ ក៏បានជជែក និងដោះស្រាយឱ្យបានល្អប្រសើរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់លទ្ធផលនៃការចាក់វ៉ាក់សាំងដូសទី១ នៅតំបន់ក្រហមក្នុងខណ្ឌទាំង ៦ គឺជាជោគជ័យមួយដ៏ល្អប្រសើរសម្រាប់ក្រុមការងារចាក់វ៉ាក់សាំង ដើម្បីជាប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា ក្នុងការយកឈ្នះលើជំងឺកូវីដ១៩។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ភាពជោគជ័យទាំងនេះ ទទួលបាន ក៏ដោយសារមានកិច្ចសហការដ៏ល្អប្រសើររបស់ក្រុមការងារចាក់វ៉ាក់សាំង។ ក្នុងនោះក៏មានការរួមចំណែកពីប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយបានជួយផ្តល់ និងបញ្ជ្រាបព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានចូលរួមចាក់វ៉ាក់សាំង។
ថ្វីដ្បិតការចាក់ដូសទី១ ទទួលបានភាពល្អប្រសើរ តែមិនមែនមានន័យថា បេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ ត្រូវបានបិទបញ្ចប់នោះឡើយ។ បេសកកម្មសំខាន់ដែលត្រូវយកចិត្តទុក ដាក់បន្តទៀតនោះ គឺការចាក់វ៉ាក់សាំងនៅដូសទី២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១តទៅ។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ ខែឧសភា មានការជជែកគ្នាច្រើនលើការចាក់វ៉ាក់សាំងដូស ទី២ ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជាប្រធាននោះ។ បញ្ហាដែលបានលើកមកជជែកមានដូចជា ការរៀបចំចែកប័ណ្ណចាក់វ៉ាក់សាំង ការយកចិត្តទុក ដាក់លើការចាក់ឱ្យបានត្រឹម ត្រូវតាមលក្ខខណ្ឌវ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ដោយសារតែការចាក់ដូសទី១ នៅខណ្ឌមួយចំនួនមិនទាន់បានបញ្ចប់នៅឡើយនោះ ដូចជានៅសង្កាត់ចោមចៅ១ ចោមចៅ២ ចោមចៅ៣ សង្កាត់កាកាប១ និងសង្កាត់ស្ទឹងមាន ជ័យ៣ ជាដើមនោះ។ ដូច្នេះការបែងចែកក្រុមសម្រាប់ចាក់វ៉ាក់សាំងដូសទី២ ត្រូវមានការដាក់កម្លាំងបន្ថែមទៅកាន់ទីនោះ ដើម្បីមានក្រុមសម្រាប់ចាក់វ៉ាក់សាំងដូសទី១ និងក្រុមសម្រាប់ចាក់វ៉ាក់សាំងដូសទី២ ។
ឯកឧត្តម ឥត សារ៉ាត់ បានក្រើនរំលឹកដល់ក្រុមការងារយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើការចាក់វ៉ាក់សាំងដូសទី២ នេះ ឱ្យបានលទ្ធផលល្អប្រសើរ ។ ជាមួយនឹងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកប្រជាពលរដ្ឋពីឯកសារ និងលក្ខខណ្ឌសំខាន់ៗមួយចំនួន ដែលត្រូវយកទៅជាមួយខ្លួន និងអនុវត្តឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះផងដែរ។
ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ,ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ ។ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមិនទាន់បានចាក់វ៉ាក់ សាំងដូសទី១ នៅឡើយនោះទៅចូលរួមចាក់វ៉ាក់សាំង ព្រោះក្រុមការងារនៅតែបន្តចាក់ដូស ទី១ជូន ហើយសូមចូលរួមអនុវត្តន៍ឱ្យបានល្អប្រសើរតាមវិធានសុខាភិបាលនៅពេលទៅចាក់វ៉ាក់សាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here