ករណីឃាតកម្មអារកសម្លាប់និស្សិតស្រីម្នាក់ ក្រុងកំពង់ចាមត្រូវបានសមត្ថកិច្ច​បំបែកសំណុំរឿង​ និងចាប់ខ្លួនជនសង្ស័យជាឃាតក​បានហើយ

0
69

កំពង់ចាមៈ   របាយការណ៍សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៥និង ៣០នាទីព្រឹកថ្ងៃទី ១ ខែធ្នូនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីបង្កហិង្សាក្នុងបន្ទប់ជួលរបស់និស្សិតស្រីម្នាក់ ។

ក្រោយទទួលព័ត៌កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។

ពេលកម្លាំងចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញបុរសជនសង្ស័យ​ដៃកាន់កូនកាំបិត ដោយមាន​អាការៈសង្ស័យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម និងពិនិត្យមើលក្នុង​បន្ទប់ឃើញ​មានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក (បន្ទប់ជួល) នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្មតែម្ដង ។

សាកសពនេះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យ​វេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

​តាមការសាកសួរបុរសជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។​ ​ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពអារកសម្លាប់ជនរង​គ្រោះដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង ៤ ព្រឹក ថ្ងៃទី០១ ខែធ្នូ ពិតប្រាកដមែន ។

មូលហេតុ កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀន​នៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះ​មិនឲ្យខ្លួន​ដេករួមភេទជាមួយ ក៏អាករសម្លាប់តែម្ដង ។

នៅកន្លែងកើតហេតុបន្សល់ទុកនៅកាំបិតចិតបន្លែបាក់ដងចំនួន១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) និងស្នាមកាប់ ។ លទ្ធផលធ្វើតេស្តលើទឹកម៉ូត (អវិជ្ជមាន) ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី ៕

សហការី ១.១២.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here