គណៈគ្រូពេទ្យជាតិ មន្ទីរសុខាភិបាលខេត្ត ក្រុមប្រឹក្សាគណៈក្រុមគ្រូពេទ្យខេត្ត ប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តត្បូងឃ្មុំ លើកទី ៩

0
37

ត្បូងឃ្មុំៈ គណៈគ្រូពេទ្យជាតិ មន្ទីរសុខាភិបាលខេត្ត ក្រុមប្រឹក្សាគណៈក្រុមគ្រូពេទ្យខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ ក្រោមធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ  និងតាមប្រព័ន្ធ(Zoom) ដោយមានការញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ។


ពិធីនេះ ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ស្រួល យីណា អនុប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ឯកឧត្តមសាស្រា្តចារ្យ កេត លីសុត្ថា  អនុប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ឯកឧត្តមសាស្រ្តាចារ្យ ប៊ូ សុភាព មកពីមន្ទីរពេទ្យព្រះកុសមៈ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ ឈួង និងឯកឧត្តមវេជ្ជបណ្ឌិត អាំង អេងសិភាព មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនឱសថ និងអ្នកពាក់ព័ន្ធចូលរួមដោយប្រយោលតាមប្រព័ន្ធអនឡាញផងដែរ ។


ថ្លែងបើកនាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គោលបំណង នៃពិធីនេះ គឺដើម្បីជាការជួបជុំបង្ហាញ ផ្លាស់ប្តូរបទពិសោធន៏ព្យាបាលជំងឺ និងជំរុញការលើកកម្ពស់ពីវឌ្ឍនភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅ ធ្វើយ៉ាងណាពង្រឹងសមត្ថភាព គុណភាព បង្កើននូវគុណវុឌ្ឍ ក្រមសីលធម៌ នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាព នៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជាការចូលរួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្ដល់សេវាសុខាភិបាលសាធារណៈនិងឯកជន ។


ពិធីនេះក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ព្យាបាល ការប្រើប្រាស់ឱសថព្យាបាលជំងឺ និងការចូលរួម សួរ ឆ្លើយសំណួរ ដោយផ្ទាល់ និងMCQ តាមប្រព័ន្ធZoom ផងដែរ ។


តមកឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី ក៏បានមានប្រសាសន៏ថា ការប្រារព្ធធ្វើទិវានេះឡើង គឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែក កសាងសមត្ថភាព និងធនធានមនុស្ស ដើម្បីបង្កើនគុណភាពនៃការផ្ដល់សេវាសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ប្រកបដោយវិជ្ជាជីវ: ធ្វើឱ្យពលរដ្ឋមាននទំនុកចិត្ត ប្រកបដោយប្រសិទ្ធភាព និងទទួលបានទំនុកចិត្ត ពីអ្នកប្រើប្រាស់សេវា។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ ប្រមូលណែនាំ គ្រូពេទ្យដែលនៅមិនទាន់ចុះបញ្ជីការ ឲ្យរួសរាន់មកចុះបញ្ជីគណ:គ្រូពេទ្យ និងបន្តសុពលភាព អោយបានត្រឹមត្រូវ ឆ្លើយតបទៅនឹងការគោរពច្បាប់វិជ្ជាជីវ:សុខាភិបាល និងធានាឲ្យបាននូវការផ្តល់សេវាសុខាភិបាល ។


ឯកឧត្តមវេជ្ជបណ្ឌិត ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត្បូងឃ្មុំ បានបន្ថែមថា ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈគ្រូពេទ្យ គឺចាំបាច់ គ្រូពេទ្យទាំងអស់ត្រូវបំពេញករណីកិច្ចវិជ្ជាជីវៈ មិនអាចខ្វះបាន គ្រូពេទ្យត្រូវមានសមត្ថភាពជំនាញច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីធានាការថែទាំ ការព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ ទាំងគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ៕
សាន វិឡែម ១.១២.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here